លោក ឃួង ស្រេង បញ្ជាអាជ្ញាធរចុះស្រង់ស្ថិតិអ្នករស់នៅខុនដូ ឈានទៅបោសសម្អាតបទល្មើសអនឡាញស្កេម ឱ្យអស់ត្រឹមខែមីនា
S
Soriya Sou
18 ម៉ោងមុន

រាជធានីភ្នំពេញ៖ លោក ឃួង ស្រេង អភិបាល​រាជធានីភ្នំពេញ បានដាក់ផែនការយ៉ាងម៉ឺងម៉ាត់ឱ្យកងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរខណ្ឌទាំង១៤ ធ្វើយុទ្ធនាការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ឱ្យអស់ពីក្នុងមូលដ្ឋានរបស់ខ្លួនគ្រប់គ្រងត្រឹមថ្ងៃទី៣០មីនា​ ឆ្នាំ២០២៦...។

កិច្ចប្រជុំកងកម្លាំងទាំង២ប្រភេទ និងអាជ្ញាធរខណ្ឌទាំង១៤ ដឹកនាំដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៧កុម្ភៈ ឆ្នាំ២០២៦។
កិច្ចប្រជុំកងកម្លាំងទាំង២ប្រភេទ និងអាជ្ញាធរខណ្ឌទាំង១៤ ដឹកនាំដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៧កុម្ភៈ ឆ្នាំ២០២៦។

ថ្លែងក្នុងកិច្ចប្រជុំជាមួយកម្លាំងមានសមត្ថកិច្ចទាំង២ប្រភេទ និងអាជ្ញាធរខណ្ឌទាំង១៤ នៅសាលារាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៧កុម្ភៈ ឆ្នាំ២០២៦ លោក ឃួង ស្រេង អះអាងថា នៅរាជធានីភ្នំពេញមានអគារខ្ពស់ៗ ចាប់ពី៧ជាន់ឡើងទៅ ជិត៤០០០អគារ។ «ដូច្នេះសូមឱ្យអាជ្ញាធរខណ្ឌទាំង១៤ ចុះស្រង់ស្ថិតិអ្នករស់នៅក្នុងខុនដូ និងអ្នកស្នាក់នៅប្រមូលផ្ដុំ «រួម» ឱ្យបានច្បាស់លាស់ ដើម្បីឈានទៅបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យអស់ពីក្នុងមូលដ្ឋានត្រឹមថ្ងៃទី៣០មីនា»។ លោកអភិបាលរាជធានីភ្នំពេញ គូសបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលយកសេដ្ឋកិច្ចពណ៌-ស តែមិនទទួលយកសេដ្ឋកិច្ចពណ៌ប្រផេះ និងខ្មៅជាដាច់ខាត។ 

លោក ឃួង ស្រេង បន្ថែមថា មេបទល្មើសអនឡាញស្កេម ពួកគេជាពួក IT ដែលទាមទារឱ្យកងកម្លាំង និងអាជ្ញាធរខណ្ឌទាំង១៤អនុវត្តការងារនេះ ដោយភាពម៉ឺងម៉ាត់ និងម៉ត់ចត់បំផុត ដោយត្រូវប្រឹងប្រែងទាំងអស់គ្នា ដើម្បីមុខមាត់ប្រទេសជាតិរបស់យើង។ ក្រៅពីការប្តេជ្ញាចិត្តយ៉ាងមោះមុត ក្នុងការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់ហើយនោះ កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរខណ្ឌទាំង១៤ ក៏ត្រូវបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ដូចជា៖ ជល់មាន់ បៀរ អាប៉ោង កន្ទុយលេខ ឆ្នោតឡូតូ ផងដែរ។ អាជ្ញាធរទាំងអស់ ក៏ត្រូវយកចិត្តទុកដាក់បន្ថែមលើការថែរក្សាសន្តិសុខ សុវត្ថិភាព និងការរៀបចំសណ្ដាប់ធ្នាប់សាធារណៈនៅតាមដងផ្លូវ តាមផ្សារនានាឱ្យបានស្អាត៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត