
រាជធានីភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំដល់អភិបាលខណ្ឌទាំង១៤ ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុតលើការដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នៅតាមដងផ្លូវ ដែលអាចបង្កឱ្យខាតពេលវេលាធ្វើការរកស៊ីរបស់ប្រជាពលរដ្ឋ…។

លោកអភិបាលរាជធានី មានប្រសាសន៍ថា តាមការសង្កេតជាក់ស្តែងរបស់លោក ក្នុង១សប្តាហ៍កន្លងមកនេះ នៅរាជធានីភ្នំពេញមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង ពិសេសនៅលើបណ្តោយផ្លូវធំៗ និងផ្លូវចេញចូលរាជធានី។ តាមការសិក្សា ការកកស្ទះចរាចរណ៍នេះ គឺបណ្ដាលមកពីការចតយានយន្តមិនមានសណ្តាប់ធ្នាប់ និងមួយចំនួនទៀត បណ្ដាលមកពីប្រជាពលរដ្ឋមកពីប្រទេសថៃ និងមកពីបណ្តាខេត្តផ្សេងៗទៀត សម្រុកចូលមកភ្នំពេញដើម្បីរកការងារធ្វើ។ លោកលើកឡើងបែបនេះ ក្នុងកិច្ចប្រជុំការងាររៀបចំសណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ជាមួយកងកម្លាំង និងអាជ្ញាធរខណ្ឌទាំង១៤ កាលពីរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥។

ដើម្បីដោះស្រាយបញ្ហាកកស្ទះ ក្នុងពេលមានកំណើនចរាចរណ៍នៅរាជធានីភ្នំពេញ លោក ឃួង ស្រេង ណែនាំឱ្យអភិបាលខណ្ឌទាំង១៤ ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុតក្នុងការដោះស្រាយឱ្យប្រសើរឡើង ជៀសវាងឱ្យបាននូវការថ្នាំងថ្នាក់ពីសំណាក់ប្រជាពលរដ្ឋ ជាពិសេស ត្រូវមើលនៅតាមសាលារៀនឯកជនមួយចំនួន ខណៈសាលាទាំងនេះ ១ថ្ងៃស្ទះចរាចរណ៍៤ដង។ អាជ្ញាធរត្រូវត្រួតពិនិត្យ និងចាត់វិធានការចំពោះការចតយានយន្តគ្មានសណ្តាប់ធ្នាប់ និងការរំលោភយកទ្រូងផ្លូវពីសំណាក់អាជីវករលក់ដូរអនាធិបតេយ្យ។ «នេះមិនមែនជារឿងដដែលៗទេ ដូច្នេះ អាជ្ញាធរខណ្ឌទាំងអស់ត្រូវយកចិត្តទុកដាក់ក្នុងការចាត់វិធានការ ដើម្បីរំដោះកំណាត់ផ្លូវទាំងនោះឱ្យមានសណ្តាប់ធ្នាប់ និងកាត់បន្ថយបាននូវការកកស្ទះចរាចរ»។ លោកបន្ថែមថា៖ «យើងមិនអាចទុកឱ្យអាជីវករប៉ុន្មាននាក់ ធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋរាប់លាននាក់នោះទេ»។

តាមការបញ្ជាក់របស់លោក ឃួង ស្រេង នៅរាជធានីភ្នំពេញមានកំណាត់ផ្លូវតូចធំចំនួន១០៨ខ្សែ ត្រូវបានគេរំលោភធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់របៀបរៀបរយ។ ប៉ុន្តែយ៉ាងណាក៏ដោយ លោកលើកទឹកចិត្តដល់អាជ្ញាធរ មុនចុះអនុវត្តវិធានការរំដោះផ្លូវឱ្យមានសណ្តាប់ធ្នាប់ ដាច់ខាតត្រូវតែផ្សព្វផ្សាយ និងណែនាំពួកគាត់ជាមុនសិន ដើម្បីឱ្យពួកគាត់ទទួលយក និងចូលរួមអនុវត្តយ៉ាងមានប្រសិទ្ធភាព៕





