
រាជធានីភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានស្នើដល់អាជ្ញាធរថ្នាក់ខណ្ឌ-សង្កាត់ទាំងអស់ ត្រូវបំពញភារកិច្ចរបស់ខ្លួនក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ ឈប់បង្កកំហុស នាំឱ្យមានមតិរិគន់ពីសំណាក់ប្រជាពលរដ្ឋតទៅទៀត...។

ក្នុងពេលជួបសំណេះសំណាលជាមួយសមាជិក សមាជិកាគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ កាលពីថ្ងៃទី១២កក្កដា ឆ្នាំ២០២៥នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ បានណែនាំក៏ដូចជាស្នើដល់អាជ្ញាធរ នៅថ្នាក់ខណ្ឌ-សង្កាត់ទាំងអស់ ត្រូវយល់ឱ្យច្បាស់ពីភារកិច្ចបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ កុំឱ្យមានពាក្យថា អត្តសញ្ញាណបណ្ណ ឬលិខិតស្នាមផ្សេងៗរបស់ប្រជាពលរដ្ឋ ខុសនេះខុសនោះ ធ្វើមិនចេះត្រូវ។ លោកសង្កត់ធ្ងន់ថា៖ «ដល់ម៉ោងនេះហើយល្មមឈប់ខុសទៀតទៅ កុំឱ្យប្រជាពលរដ្ឋវាយតម្លៃថា អាជ្ញាធរទាល់តែឱ្យលុយ ទើបមិនខុស»។

លោក ឃួង ស្រេង មានប្រសាសន៍បន្តថា ដើម្បីទទួលបានទំនុកចិត្តពីប្រជាពលរដ្ឋ មន្ត្រីសង្កាត់, មន្ត្រីខណ្ឌ, នគរបាលប៉ុស្តិ៍ ត្រូវប្រែក្លាយសកម្មភាពរបស់ខ្លួនឱ្យទៅជាឧត្តមភាពការងារក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ។ ថ្នាក់ដឹកនាំខណ្ឌ-សង្កាត់ ត្រូវរួមគ្នាខិតខំបន្តអភិវឌ្ឍមូលដ្ឋានឱ្យបានល្អប្រសើរ និងត្រូវអនុវត្តសកម្មភាពដោយស្មោះត្រង់ ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ។ ជាងនេះ ត្រូវចូលរួមលើកកម្ពស់ការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន រួមទាំងការការពារទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ដែលមានក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន៕




