
ក្រុងពោធិ៍សាត់៖ លើសពីបន្លាលួស យោធាថៃឈ្លានពានថៃ នៅព្រឹកព្រលឹមថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានយកទូកុងតឺន័រចំនួន៥០ ទៅដាក់ព័ទ្ធដីកម្ពុជា ស្ថិតនៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ នេះបើតាម លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បញ្ជាក់ប្រាប់អង្គភាពសារព័ត៌មាន SBM News តាមទូរសព្ទ។

លោក ខូយ រីដា អះអាងថា យោធាថៃបានចូលមកដាក់ទូកុងតឺន័រទាំង៥០នេះ ក្នុងខេត្តពោធិ៍សាត់ ទឹកដីកម្ពុជា ចាប់ពីចំណុចភ្លុកដំរី រហូតដល់ច្រកព្រំដែនជ័យជំនះ ឬច្រក៥៦។ លោកបន្ថែមថា ការដាក់ទូកុងតឺន័រនេះ ធ្វើឱ្យពលរដ្ឋកម្ពុជាប្រមាណ៣០គ្រួសារ មិនអាចចូលទៅស្នាក់នៅក្នុងផ្ទះសម្បែងបានដូចមុន។ លោកបញ្ជាក់ថា៖«និយាយជារួម ការរស់នៅរបស់ប្រជាពលរដ្ឋ គេមកព័ទ្ធផ្ទះសម្បែងមួយចំនួន គឺប៉ះពាល់ហើយ ហ្នឹងគឺជាបទឈ្លានពានបូរណភាពទឹកដី ដែលយើងមើលឃើញទាំងអស់គ្នា»។

លោកលើកឡើងថា កម្ពុជាជ្រើសយកការមិនតបតទៅនឹងយោធាឈ្លានពានថៃ ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា នៅតែតវ៉ាតាមនីតិវិធីច្បាប់។ គួរជម្រាបថា ការដាក់ទូកុងទឺន័រពីសំណាក់យោធាឈ្លានពានថៃនេះ ធ្វើឡើង បន្ទាប់ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះមកសង្កេតការណ៍នៅតំបន់នេះ កាលពីថ្ងៃទី៦ ខែកុម្ភៈ៕




