កម្ពុជា គួរបង្កើតច្បាប់ដាក់ទោសជនទី៣ ដែលដណ្ដើមយករបស់គេដែរឬទេ?
Mao Sopha
3 ម៉ោងមុន

រាជធានីភ្នំពេញ៖ មិនថាសង្គមប្រទេសណាឡើយ រឿងរ៉ាវផិតក្បត់តែងកើតមាន។ នៅកម្ពុជា មានច្បាប់មួយ ហៅថា ច្បាប់ឯកពន្ធភាព ដែលអនុញ្ញាតឱ្យបុរសមានប្រពន្ធស្របច្បាប់តែម្នាក់ និងស្រ្តីមានប្តីស្របច្បាប់តែម្នាក់ ប៉ុន្តែការអនុវត្តជាក់ស្តែង មិនមានប្រសិទ្ធភាព និងមិនអាចទប់ស្កាត់អំពើផិតក្បត់បានឡើយ ពោលគឺ នៅតែមានប្តី ឬប្រពន្ធ ហ៊ានលួចទាក់ទងអ្នកផ្សេងដដែល។ 

ច្បាប់ឯកពន្ធភាព ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០៦មកនោះ ដាក់ទោសតែប្រពន្ធដើម-ប្តីដើម ដែលមានចំណងអាពាហ៍ពិពាហ៍ស្របច្បាប់ជាមួយគ្នាប៉ុណ្ណោះ ក្នុងករណីប្រពន្ធដើម ឬប្តីដើម លួចទៅទាក់ទងឈានដល់ការសេពសន្ថវៈជាមួយអ្នកផ្សេងទៀត ដែលគេនិយមហៅថា ជនទី៣ ឬប្រពន្ធចុង-ប្តីចុង។

រីឯជនទី៣ ច្បាប់ឯកពន្ធភាព ពុំបានចែងដាក់ទោសទណ្ឌ ឬពិន័យអ្វីទាំងអស់ សូម្បតែប្រាក់មួយរៀល ទោះជាជនទី៣នោះ ឆក់យកប្តីគេប្រពន្ធគេដោយចេតនា និងបានដឹងថា គេមានប្តីមានប្រពន្ធហើយក៏ដោយ។ ស្តាប់ទៅហាក់មិនយុត្តិធម៌ និងពិបាកទទួលយកណាស់សម្រាប់ប្រពន្ធដើមប្តីដើម ក៏ប៉ុន្តែ ច្បាប់កម្ពុជាសព្វថ្ងៃនេះ ពិតជាបានកំណត់យ៉ាងដូច្នេះមែន។ 

និយាយឱ្យងាយយល់ ប្រពន្ធដើម ប្តីដើម មិនអាចធ្វើអ្វីបានទាំងអស់ទៅលើជនទី៣។ ផ្ទុយមកវិញ បើខឹងខ្លាំងទប់អារម្មណ៍មិនជាប់ ហើយឈានដល់ការប្រើហិង្សាទៅលើភាគីម្ខាងទៀត ដែលជាប្រពន្ធចុង ឬប្តីចុង នោះប្រពន្ធដើម ឬប្តីដើម នឹងត្រូវរងការចោទប្រកាន់ និងប្រឈមមុខនឹងតុលាការថែមទៀត ព្រោះការប្រព្រឹត្តអំពើហិង្សា គឺជាបទល្មើសព្រហ្មទណ្ឌ។ កុំថាឡើយដល់ទៅប្រើហិង្សា សូម្បីតែប្តឹងជនទី៣ ក៏មិនអាចធ្វើបានដែរ។ ច្បាប់ឯកពន្ធភាព អនុញ្ញាតឱ្យតែប្តីដើម ប្រពន្ធដើមប្តឹងគ្នាប៉ុណ្ណោះ ក្នុងករណីភាគីណាមួយផិតក្បត់។ 

ប្តីដែលផិតក្បត់អាចមានទោស លុះត្រាតែប្រពន្ធប្តឹងទៅតុលាការ។ ដូចគ្នា ប្រពន្ធដែលផិតក្បត់អាចមានទោស លុះត្រាតែប្តីប្តឹងទៅតុលាការ។ បើអត់ប្តឹង អត់មានទោសឡើយ ទោះភាគីម្ខាងណាប្រព្រឹត្តអំពើផិតក្បត់ក្តី។ ម្យ៉ាងទៀត ទោសក្នុងអំពើផិតក្បត់ មិនសូវធ្ងន់នោះទេ។ ច្បាប់ឯកពន្ធភាពចែងថា ប្តី ឬប្រពន្ធដែលផិតក្បត់ អាចជាប់ពន្ធនាគារពី១ខែទៅ១ឆ្នាំ និងអាចត្រូវពិន័យប្រាក់ពី២សែនរៀល ដល់១លានរៀល ឬជូនកាល តុលាការមិនដាក់ទោសទាំង២នោះទេ ដោយជ្រើសរើសដាក់ទោសតែ១ប៉ុណ្ណោះ គឺសម្រេចដាក់ពន្ធនាគារ ឬគ្រាន់តែពិន័យជាប្រាក់។  

ច្បាប់ដាក់ទោសស្រាលទៅលើប្តី ឬប្រពន្ធដែលផិតក្បត់ ឯជនទី៣ដែលឆក់យករបស់គេ ក៏គ្មានច្បាប់ដាក់ទោស តើអាចជាកត្តានាំឱ្យសង្គមខ្មែរកើតមានអំពើផិតក្បត់ និងអំពើដណ្តើមប្តីប្រពន្ធគេដែរទេ? ដើម្បីកាត់បន្ថយអំពើដណ្តើមប្តីប្រពន្ធគេ ឬដើម្បីឱ្យមនុស្សក្នុងសង្គមខ្លាចរអា តើកម្ពុជា អាចនឹងពិចារណាកែច្បាប់ ឬចែងមាត្រា ដាក់ទោសទៅលើជនទី៣ ដែលមានចេតនាទាក់ទង ឬលួចរួមរស់ ឬឈានដល់ការរៀបការជាមួយប្តីប្រពន្ធគេដែរទេ ទាំងដែលបានដឹងថា ខាងប្រុសមានប្រពន្ធ ឬខាងស្រីមានប្តីស្របច្បាប់រួចទៅហើយ? ហើយដើម្បីកាត់បន្ថយអំពើផិតក្បត់ តើកម្ពុជា អាចនឹងពិចារណាបន្ថែមទម្ងន់ទោសទៅលើប្រពន្ធឬប្តី ដែលផិតក្បត់ដែរឬទេ?     

ក្រៅពីបង្កើតច្បាប់ កែច្បាប់ និងបន្ថែមទោសតាមផ្លូវច្បាប់នោះ ក្រសួង ស្ថាប័ន អាជ្ញាធរ និងភាគីពាក់ព័ន្ធក្នុងសង្គមទាំងមូល ត្រូវរួមគ្នាបង្កើនការអប់រំសីលធម៌ដល់មនុស្សឱ្យចេះស្អប់ខ្ពើមអំពើឆក់យកប្តីប្រពន្ធគេ។ ម្យ៉ាងទៀត សាមីខ្លួនផ្ទាល់ មុននឹងសម្រេចចិត្តទាក់ទង ឬឈានដល់ការរស់នៅជាមួយគ្នា ឬយល់ព្រមរៀបការជាមួយគ្នា ទាំងខាងបុរសទាំងខាងស្រ្តី គឺត្រូវស៊ើបមើល និងត្រូវស្គាល់គេឱ្យច្បាស់ជាមុនសិន ថាដៃគូខ្លួននោះ មានប្រពន្ធ ឬប្តីហើយឬនៅ៕ 

  

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត