ក្រសួងសុខាភិបាល ប្រាប់ឱ្យឈប់ប្រើម្សៅទឹកដោះគោកូនក្មេង២ប្រភេទជាផលិតផលថៃ និងស្វីស «សង្ស័យមានជាតិពុល»
អុន សម្ផស្ស
11 ម៉ោងមុន

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា ប្រកាសហាមឃាត់ការប្រើប្រាស់ម្សៅទឹកដោះគោកូនក្មេង ឈ្មោះ NAN HA (ណាន ហា) និងឈ្មោះ Dumex Dulac Stage (ឌូមេក្ស ឌូឡាក ស្ទេក) ក្រោយរកឃើញសង្ស័យមានផ្ទុកសារធាតុពុល ធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់កុមារ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលកាលពីយប់ថ្ងៃទី៦កុម្ភៈ ឆ្នាំ២០២៦។

ក្នុងសេចក្តីប្រកាសព័ត៌មាន ក្រសួងសុខាភិបាលកម្ពុជា បានបង្ហាញពីការផ្សព្វផ្សាយរបស់ទីភ្នាក់ងារសុវត្ថិភាពចំណីអាហារនៃប្រទេសសិង្ហបុរី ស្តីពីការសង្ស័យមានជាតិពុល Cereulide toxin (សេរ៉ូឡាយ ថកស៊ីន) លើផលិតផលទឹកដោះគោម្សៅបង្កហានិភ័យដល់សុខភាពទារកនិងកុមារ។ ទឹកដោះគោម្សៅទាំងនោះ រួមមាន៖ ឈ្មោះ NAN HA ចាប់ពីលេខ១ រហូតដល់លេខ៣ ចំណុះ៨០០ក្រាម និង៣២ក្រាម ជាផលិតផលប្រទេសស្វីស កាលបរិច្ឆេទផុតកំណត់ថ្ងៃទី៣១ ឧសភា និងថ្ងៃទី៣១តុលា ឆ្នាំ២០២៧។ រី​ឯម្សៅទឹកដោះគោមួយទៀតជាផលិតផលថៃ ឈ្មោះ Dumex Dulac Stage មានលេខ១ និងលេខ២ ចំណុះ៨០០ក្រាម កាលបរិច្ឆេទផុតកំណត់ថ្ងៃទី៥កញ្ញា ឆ្នាំ២០២៧។

ដ្បិតតែផលិតផលទឹកដោះគោទាំងនោះ គ្មានក្រុមហ៊ុនណាផ្តាច់មុខនាំចូលមកកម្ពុជា តែក្រសួងសុខាភិបាលព្រមានឱ្យសាធារណជន ជាពិសេសមាតាបិតា អាណាព្យាបាលទារក និងកុមារទាំងអស់ត្រូវបញ្ឈប់ការប្រើភ្លាមៗ។ ដោយឡែក ក្នុងករណីជួបប្រទះ ឃើញ ឬកំពុងប្រើប្រាស់ លក់ ចែកចាយនូវផលិតផល ឬឃើញទារកកុមារតូចៗដែលមានជំងឺដោយសារការប្រើប្រាស់ផលិតផលទាំងនេះ ត្រូវទាក់ទងព័ត៌មានបន្ថែមទៅនាយកដ្ឋានឱសថចំណីអាហារបរិក្ខារពេទ្យ និងគ្រឿងសម្អាង នៃក្រសួងសុខាភិបាល។ តាមសារព័ត៌មាន Reuters សារធាតុ Cereulide ជាធម្មតាធ្វើឱ្យកុមារមានអាការ ក្អួតចង្អោរ ឬឈឺពោះ ក្នុងរយៈពេល៣០នាទីទៅ៥ម៉ោង បន្ទាប់ពីបរិភោគ។ កុមារភាគច្រើន មានអារម្មណ៍ធូរស្រាលក្នុងរយៈពេល២៤ម៉ោង។ ករណីធ្ងន់ធ្ងរ អាចមានការខ្សោយថ្លើមស្រួចស្រាវ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត