
រាជធានីភ្នំពេញ៖ មេដឹកនាំនៃប្រទេសជិតខាងដែលជាបងប្អូនជាប់ភូមិផងរបងគ្នាទាំងបី រួមមាន៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា, លោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្រ្តីឡាវ និងលោក ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម បានចូលរួមកិច្ចប្រជុំទ្វេភាគី ពិភាក្សាលើការបង្កើនទំហំសេដ្ឋកិច្ច ការការពារសន្តិសុខជាតិ និងបង្រ្កាបបទល្មើសឆបោកអនឡាញ...។

បើតាមសំណេរដែលបង្ហោះដោយគណនីហ្វេសប៊ុក សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានឱ្យដឹងថា កិច្ចប្រជុំទ្វេភាគីនេះ ធ្វើឡើងកាលពីថ្ងៃទី៦កុម្ភៈ ឆ្នាំ២០២៦ ក្នុងឱកាស លោក សនសៃ ស៊ីផាន់ដន និងលោក ផាម មិញជិញ អញ្ជើញមកទស្សនកិច្ចនៅកម្ពុជា។ ក្នុងកិច្ចប្រជុំ សម្តេចធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះការប្រាស្រ័យទាក់ទងគ្រប់កម្រិត និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងប្រទេសទាំងបី។ ក្នុងទិសដៅបន្ត សម្តេចបានសម្រេចដាក់ចេញនូវគំនិតផ្តួចផ្តើមមួយចំនួន ដើម្បីបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មបន្ថែមទៀត ដើម្បីឱ្យសម្រេចបាននូវទំហំពាណិជ្ជកម្ម៧០០លានដុល្លារអាម៉េរិក នៅឆ្នាំ២០៣០ ជាមួយប្រទេសឡាវ និងទំហំពាណិជ្ជកម្ម២០ពាន់លានដុល្លារអាម៉េរិក ជាមួយប្រទេសវៀតណាម នាពេលខាងមុខ។

ទន្ទឹមនោះ មេដឹកនាំទាំងបី ក៏បានពិភាក្សាលើការបន្តជំរុញកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ ដើម្បីរួមគ្នាទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន, ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបញ្ហាសន្តិសុខមិនប្រពៃណី, ជំរុញការតភ្ជាប់រវាងប្រទេសទាំងបី រួមមាន៖ ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ការដឹកជញ្ជូន ថាមពលអគ្គិសនី និងការអប់រំនិងបណ្ដុះបណ្ដាល ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសនីមួយៗ ជាពិសេសជំរុញក្រុមការងារបច្ចេកទេសពន្លឿនការកំណត់ទីតាំងតភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកបាយ។

ប្រមុខរាជរដ្ឋាភិបាល ឬរដ្ឋាភិបាលទាំងបី ថែមទាំងបានបន្តជំរុញកិច្ចសហប្រតិបត្តិការនយោបាយ-ការទូត, ការផ្លាស់ប្ដូរព័ត៌មានក្នុងយន្តការការបរទេស, ការគាំទ្រគ្នាទៅវិញទៅមកក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ និងការផ្សារភ្ជាប់រវាងអ្នកដឹកនាំជំនាន់ក្រោយផងដែរ។ ជាការឆ្លើយតប ក្នុងក្របខណ្ឌពាណិជ្ជកម្ម និងវិនិយោគ, លោក ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម បានបង្ហាញការត្រៀមខ្លួនក្នុងការបន្តជំរុញវិនិយោគថែមទៀតនៅកម្ពុជា៕




