
រដ្ឋធានីវ៉ាស៊ីនតោន៖ សេតវិមាន បានបរិយាយកាលពីថ្ងៃសុក្រទី៦ ខែកុម្ភៈថា ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានសម្រេចកែប្រែប្រព័ន្ធលក់សព្វាវុធរបស់សហរដ្ឋអាម៉េរិកទាំងស្រុង ដោយផ្តល់អាទិភាពខ្ពស់បំផុតទៅឱ្យប្រទេសណាដែលចាយលុយច្រើនលើវិស័យការពារជាតិ និងជាសម្ព័ន្ធមិត្តយុទ្ធសាស្ត្រស្នូល។ បទបញ្ជាប្រតិបត្តិថ្មីនេះ នឹងធ្វើឱ្យប្រទេសដែលជាម៉ូយដុំរបស់អាម៉េរិក ទទួលបានអាវុធលឿនជាងមុន ខណៈប្រទេសដទៃទៀតអាចនឹងត្រូវរង់ចាំយូរ...។

បទបញ្ជាប្រតិបត្តិដែលបង្កើតយុទ្ធសាស្ត្រផ្ទេរអាវុធដំបូងរបស់អាម៉េរិកនេះ បង្ហាញពីការផ្លាស់ប្ដូរដ៏សំខាន់នៅក្នុងគោលនយោបាយលក់អាវុធរបស់ខ្លួនជាអន្តរជាតិ។ វាជាការណែនាំភ្នាក់ងារសហព័ន្ធឱ្យផ្តល់អាទិភាពដល់ការលក់សព្វាវុធ ដល់ដៃគូដែលបានវិនិយោគយ៉ាងច្រើននៅក្នុងសមត្ថភាពការពារជាតិរបស់ពួកគេ និងដើម្បីពង្រីកតួនាទីសំខាន់ក្នុងភូមិសាស្ត្រនយោបាយបច្ចុប្បន្ន។ បទបញ្ជាប្រតិបត្តិ ដែលចុះហត្ថលេខាដោយលោក ត្រាំ នឹងផ្តល់អាទិភាពឡើងវិញនូវបញ្ជីអតិថិជនសម្រាប់ទិញសព្វាវុធរបស់ខ្លួន សម្រាប់បណ្តាប្រទេសចំណាយលើវិស័យការពារជាតិខ្ពស់។ ចំណាត់ការណ៍នេះមានបំណងពន្លឿនការដឹកជញ្ជូនអាវុធ ដែលផលិតដោយសហរដ្ឋអាម៉េរិកទៅកាន់សម្ព័ន្ធមិត្ត ដែលត្រូវបានចាត់ទុកថា សំខាន់សម្រាប់សន្តិសុខក្នុងតំបន់ ដើម្បីពង្រីកសមត្ថភាពផលិតកម្មក្នុងស្រុក។

គេនៅចាំបានថា កាលពីឆ្នាំមុន មេដឹកនាំណាតូបានគាំទ្រគោលដៅចំណាយការពារជាតិថ្មីចំនួន៥ភាគរយនៃផលិតផលក្នុងស្រុកសរុប ហើយបានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការការពារគ្នាទៅវិញទៅមក ប្រសិនបើមានការវាយប្រហារ។ ជាមួយគ្នា សេតវិមានបានអះអាងដោយភ្ជាប់ជាមួយបទបញ្ជាថ្មីនេះថា៖«ការលក់អាវុធនាពេលអនាគត នឹងផ្តល់អាទិភាពដល់ផលប្រយោជន៍អាម៉េរិកដោយផ្តោតលើការបញ្ជាទិញ និងដើមទុនពីបរទេសដើម្បីកសាងផលិតកម្ម និងសមត្ថភាពរបស់អាម៉េរិក»។ ក្រោមយុទ្ធសាស្ត្រថ្មី រដ្ឋមន្ត្រីក្រសួងសង្គ្រាម រដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីពាណិជ្ជកម្មអាម៉េរិក ត្រូវបានប្រគល់ភារកិច្ចឱ្យបង្កើតវេទិកា ប្រព័ន្ធអាទិភាព និងកំណត់ឱកាសសម្រាប់ការលក់ ដែលស្របតាមគោលបំណងយុទ្ធសាស្ត្រ។

សូមបញ្ជាក់ថា វិធានការនេះ មិនត្រឹមតែជាការជំរុញសេដ្ឋកិច្ចយោធាអាម៉េរិកប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសារព្រមានមួយទៅកាន់សម្ព័ន្ធមិត្តទាំងហ្លាយផងដែរថា បើចង់បានអាវុធទំនើបៗយកទៅប្រើ គឺត្រូវតែបង្កើនកញ្ចប់ថវិកាការពារជាតិឱ្យបានខ្ពស់ជាមុនសិន៕




