គួរមានការ៉ុតក្នុងរបបអាហារប្រចាំថ្ងៃ ដើម្បីឱ្យរាងកាយមានសុខភាពល្អ
S
Sreyleak Yith
01 កុម្ភៈ 2026 01:51 AM

សុខភាព៖ ការ៉ុត ជាប្រភេទបន្លែដែលអាចទទួលទានបានទាំងឆៅ និងចម្អិនឱ្យឆ្អិនក្នុងសម្ល ឬក្រឡុកធ្វើជាភេសជ្ជៈក៏បានដែរ។ ការទទួលទានការ៉ុតឆៅ និងចម្អិន សុទ្ធសឹងផ្ដល់អត្ថប្រយោជន៍ដល់សុខភាពរហូតដល់ទៅ៨យ៉ាងឯណោះ។ ចំពោះគុណប្រយោជន៍ទាំងនោះ SBM News នឹងជម្រាបជូនលោកអ្នកបានជ្រាបដូចតទៅ…។

១.ជួយកាត់បន្ថយហានិភ័យជំងឺបេះដូង៖ ការសិក្សាមួយរបស់អ្នកវិទ្យាសាស្រ្តនៅប្រទេសហូឡង់ បានពិនិត្យមើលលើក្រុមបន្លែ និងផ្លែឈើ ជួយការពារដល់បេះដូង ដោយអ្នកស្រាវជ្រាវរកឃើញថា ការ៉ុត ពាក់ព័ន្ធជាមួយហានិភ័យទាបជាង ៣២ភាគរយ នៃការកើតជំងឺបេះដូង។ ២.ជួយដល់ប្រព័ន្ធការពារ៖ វីតាមីន C ក្នុងការ៉ុត គឺសំខាន់ណាស់ចំពោះប្រព័ន្ធការពារ និងការព្យាបាល។ ចំណែកវីតាមីន A ក្នុងការ៉ុត ក៏ជួយដល់ប្រព័ន្ធការពារក្នុងការកម្ចាស់បាក់តេរី ចេញពីរាងកាយដែរ។ ៣.ជួយរក្សាតុល្យភាពជាតិស្ករក្នុងឈាម៖ ជាតិសរសៃក្នុងការ៉ុត ជួយរក្សាកម្រិតជាតិស្ករក្នុងឈាម កម្រិតអាំងស៊ុយលីន និងសុខភាពផ្លូវដង្ហើម។

៤.ជួយភ្នែក៖ ការ៉ុត សម្បូរទៅដោយវីតាមីន A ជួយដល់ភ្នែក។ បើវីតាមីន A ក្នុងខ្លួនធ្លាក់ចុះ វាបង្កឱ្យមានភាពមិនប្រក្រតីដល់កែវភ្នែក ហើយធ្វើឱ្យមើលមិនឃើញអ្វីនៅពេលយប់។ ចំណែក សារធាតុអុកស៊ីតកម្ម Lutein និងZeaxanthin ក្នុងការ៉ុតក៏ជួយសុខភាពដល់ភ្នែកដែរ។ ៥.ជាអាហារបំប៉ន៖ ការ៉ុត ជាអាហារបំប៉ន មានវីតាមីន B និងវីតាមីន K ជួយការពារការរលាក សុខភាពខួរក្បាល និងថ្លើម និងបង្កើនថាមពល។ ៦.ជួយរក្សាទម្ងន់៖ ក្នុងការ៉ុត១មើម មានជាតិទឹករហូតដល់៨៨ភាគរយ ហើយការ៉ុតមានកាល់ឡូរីទាបមែនទែន ដោយទឹកការ៉ុត១កែវ មានត្រឹមតែ៥២កាល់ឡូរីប៉ុណ្ណោះ ដូច្នេះ ការទទួលទានការ៉ុតមិនបង្កឱ្យឡើងទម្ងន់ទេ។

៧.ជួយកាត់បន្ថយហានិភ័យមហារីក៖ សារធាតុអុកស៊ីតកម្មក្នុងការ៉ុត ពាក់ព័ន្ធនឹងការកាត់បន្ថយហានិភ័យនៃជំងឺមហារីកជាច្រើនប្រភេទ ដូចជា មហារីកសួត ក្រពេញប្រូស្ដាត និងឈាម។ ការសិក្សាមួយនៅក្នុងកាសែតអាហារបំប៉នរបស់អាម៉េរិក American Journal of Clinical Nutrition រកឃើញថា អ្នកបរិភោគសារធាតុអុកស៊ីដង់ Carotenoid មានហានិភ័យទាបជាង២១ភាគរយ ប្រឈមនឹងមហារីកសួត។ ៨.ជួយដល់សម្ពាធឈាម៖ ជាតិប៉ូតាស្យូម ក្នុងការ៉ុត មានមុខងារសំខាន់ជួយដល់សម្ពាធឈាម ដោយរក្សាតុល្យភាពកម្រិតជាតិសូដ្យូម និងសម្អាតជាតិសូដ្យូម ចេញពីរាងកាយដែលជួយដល់ដំណើរការរបស់បេះដូង៕ ដកស្រង់ពី៖ Hello គ្រូពេទ្យ

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត