នាវាដឹកអ្នកដំណើរ៣៥៩នាក់ លិច​នៅ​ភាគខាងត្បូង​ប្រទេស​ហ្វីលីពីន ស្លាប់១៥នាក់ និងបាត់ខ្លួន២៨នាក់
N
Nary Vann
15 ម៉ោងមុន

រដ្ឋធានីម៉ានីល៖ តក់ស្លត់ណាស់! នាវាដឹកអ្នកដំណើរ និងទំនិញមួយគ្រឿងដែលមានឈ្មោះថា MV Trisha Kerstin 3 (អ៊ឹមវី ទ្រីសា ឃើស្ទីន ស្រ៊ី) បានលិចនៅពាក់កណ្តាលអាធ្រាត្រឈានចូលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ នៅក្បែរកោះមួយក្នុងភាគខាងត្បូងប្រទេសហ្វីលីពីន។ មកដល់ពេលនេះ ក្រុមអ្នកជួយសង្គ្រោះបានរកឃើញសាកសពជនរងគ្រោះចំនួន១៥នាក់ ខណៈមនុស្សចំនួន៣១៦នាក់ផ្សេងទៀតត្រូវបានជួយសង្គ្រោះដោយសុវត្ថិភាព ហើយ២៨នាក់ផ្សេងទៀតកំពុងបាត់ខ្លួននៅឡើយ។

នាវានេះផ្ទុកមនុស្សសរុប៣៥៩នាក់ (អ្នកដំណើរ៣៣២នាក់ និងនាវិក២៧នាក់) បានចាកចេញពីទីក្រុង Zamboanga (ហ្សាមបូអាងហ្កា) ប្រទេសហ្វ៊ីលីពីន សំដៅទៅកាន់កោះ Jolo (ជូឡូ) នៅប៉ែកខាងត្បូងប្រទេសនេះ ប៉ុន្តែជាអកុសល បានជួបបញ្ហាបច្ចេកទេស និងបានលិចនៅចម្ងាយប្រហែល២គីឡូម៉ែត្រពីភូមិកោះ Baluk-baluk (បាលុក-បាលុក) នៃខេត្ត Basilan (បាស៊ីឡាន)។ មន្ត្រីឆ្មាំសមុទ្របានបញ្ជាក់ថា នៅពេលកើតហេតុ អាកាសធាតុមានសភាពល្អធម្មតា ហើយនាវាក៏មិនមានសញ្ញាថាផ្ទុកមនុស្សលើសចំណុះនោះដែរ។ ប្រតិបត្តិការជួយសង្គ្រោះខ្នាតធំ ត្រូវបានធ្វើឡើងភ្លាមៗ ដោយមានការចូលរួមពីនាវាឆ្មាំសមុទ្រ កងទ័ពជើងទឹក ឧទ្ធម្ភាគចក្រ Black Hawk (ប្លែក ហក) របស់កងទ័ពអាកាស និងមានជំនួយពីទូកនេសាទរបស់ប្រជាពលរដ្ឋក្នុងតំបន់ផងដែរ។

លោក Mujiv Hataman (មូជីហ្វ ហាថាម៉ាន) អភិបាលខេត្តបាស៊ីឡាន អះអាងថា ជនរងគ្រោះដែលនៅមានជីវិតត្រូវបានបញ្ជូនទៅកាន់ទីរួមខេត្ត ដើម្បីទទួលការសង្គ្រោះបន្ទាន់ ខណៈក្រុមគ្រូពេទ្យ និងរថយន្តសង្គ្រោះបានត្រៀមលក្ខណៈរង់ចាំនៅកំពង់ផែរួចជាស្រេច។ គ្រោះថ្នាក់តាមផ្លូវសមុទ្រនេះ គឺជាបញ្ហាដែលកើតឡើងជាញឹកញាប់នៅក្នុងប្រទេសហ្វីលីពីន ដោយសារតែកត្តាខ្យល់ព្យុះ ការថែទាំនាវាមានកម្រិតទាប និងការអនុវត្តច្បាប់សុវត្ថិភាពនៅតាមតំបន់ដាច់ស្រយាលនៅមានចន្លោះប្រហោង។ អាជ្ញាធរកំពុងបន្តការស៊ើបអង្កេត ដើម្បីរកមូលហេតុពិតប្រាកដ ដែលធ្វើឱ្យនាវានេះជួបបញ្ហាបច្ចេកទេសរហូតដល់លិចបែបនេះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត