ប្រធានាធិបតីតៃវ៉ាន់បញ្ជាក់ជំហរច្បាស់ៗ ទំនាក់ទំនងជាមួយអាម៉េរិកមិនប្រែប្រួលឡើយ
N
Nary Vann
15 ម៉ោងមុន

ក្រុងតៃប៉ិ៖ ប្រធានាធិបតីតៃវ៉ាន់ លោក ឡៃ ឈីងតេ នៅថ្ងៃព្រហស្បតិ៍ទី៥ ខែកុម្ភៈនេះ បានប្រកាសយ៉ាងមុតមាំថា ទំនាក់ទំនងរវាងកោះតៃវ៉ាន់ និងសហរដ្ឋអាម៉េរិក គឺមានភាព«រឹងមាំដូចថ្មដា» ហើយរាល់កម្មវិធីសហប្រតិបត្តិការទាំងអស់ នឹងត្រូវបន្តទៅមុខដោយគ្មានការកែប្រែអ្វីទាំងអស់។

ការថ្លែងបែបនេះ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានលើកឡើងពីបញ្ហាតៃវ៉ាន់ ក្នុងកិច្ចសន្ទនាតាមទូរសព្ទជាមួយប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធ។ នៅក្នុងកិច្ចសន្ទនានោះ មេដឹកនាំចិន បានប្រាប់លោក ត្រាំ ថា សហរដ្ឋអាម៉េរិកគួរតែចាត់ចែងបញ្ហាលក់អាវុធឱ្យតៃវ៉ាន់ ដោយការប្រុងប្រយ័ត្នបំផុត ព្រោះរដ្ឋធានីប៉េកាំងចាត់ទុកកោះនេះជាផ្នែកមួយនៃដែនដីរបស់ខ្លួន។ ទោះជាយ៉ាងណាក៏ដោយ លោក ឡៃ ឈីងតេ បញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា តៃវ៉ាន់ និងអាម៉េរិក មានបណ្តាញទំនាក់ទំនងយ៉ាងជិតស្និទ្ធ ហើយការប្តេជ្ញាចិត្តរបស់វ៉ាស៊ីនតោនចំពោះក្រុងតៃប៉ិ នៅតែមិនផ្លាស់ប្ដូរឡើយ។ លោកបានសង្កត់ធ្ងន់ថា៖«ការពិតដែលថា តៃវ៉ាន់ មិនមែនជាផ្នែកនៃសាធារណរដ្ឋប្រជាមានិតចិន ក៏នៅតែមិនផ្លាស់ប្ដូរដូចគ្នា»

គួររំលឹកផងដែរថា កាលពីខែធ្នូកន្លងទៅ រដ្ឋបាលលោក ត្រាំ បានប្រកាសលក់អាវុធឱ្យតៃវ៉ាន់ ក្នុងតម្លៃទឹកប្រាក់រហូតដល់ទៅ១១,១ពាន់លានដុល្លារ ជាកញ្ចប់អាវុធដ៏ធំបំផុតមិនធ្លាប់មានពីមុនមក។ ទោះបីជាអាម៉េរិកមិនមានទំនាក់ទំនងការទូតផ្លូវការជាមួយតៃវ៉ាន់ ប៉ុន្តែវ៉ាស៊ីនតោនគឺជាអ្នកគាំទ្រអន្តរជាតិដ៏សំខាន់បំផុត និងមានកាតព្វកិច្ចតាមផ្លូវច្បាប់ ក្នុងការផ្ដល់មធ្យោបាយការពារខ្លួនដល់កោះនេះ។ ខណៈចិនបដិសេធមិនចរចាជាមួយលោក ឡៃ ដោយចោទថា ជាអ្នកចង់បំបែករដ្ឋ។ លោក ឡៃ នៅតែបន្តប្រកាន់ជំហរថា មានតែប្រជាជនតៃវ៉ាន់ប៉ុណ្ណោះ ដែលអាចសម្រេចវាសនារបស់ពួកគេបាន៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត