ព្រះបរមរាជា ទ្រង់ចាត់ទុកការរក្សាព្រៃឈើ ស្មើនឹងការសន្សំបុណ្យកុសលដ៏ធំធេង
Mao Sopha
09 កក្កដា 2025 04:34 AM

រាយការណ៍ពីរាជធានីភ្នំពេញ៖ ព្រះ​ករុណា ព្រះបាទ ​សម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រកម្ពុជា ទ្រង់មិនត្រឹមតែទតឃើញការរក្សាការពារព្រៃឈើ ផ្តល់ផលប្រយោជន៍ជាក់ស្តែងដល់មនុស្សជាតិនោះទេ តែព្រះអង្គ ថែមទាំងមានព្រះចិន្តាថា ការរក្សាការពារព្រៃឈើ ក៏ប្រៀបដូចបានចូលរួមសន្សំបុណ្យកុសលដ៏ធំធេងផងដែរ។ ប្រជានុរាស្រ្តបានស្តាប់ព្រះរាជបន្ទូលរបស់ទ្រង់ ក្នុងព្រះរាជពិធីរុក្ខទិវា ដែលត្រូវបានប្រារព្ធឡើងនៅខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥នេះ។ ថ្នាក់ដឹកនាំកំពូលៗ រួមមាន សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាល ជាដើម បានចូលរួមក្នុងព្រះរាជពិធីនេះ។     

ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ទ្រង់ចាត់ទុកព្រះរាជពិធីរុក្ខទិវា ជាវប្បធម៌ និងជាចលនាជាតិដ៏សំខាន់ ស្របតាមគោលនយោបាយជាតិក្នុងការអភិរក្សសម្បត្តិធម្មជាតិ ពិសេសព្រៃឈើ ដែលជាជម្រកសំខាន់បំផុតរបស់សត្វ និងជីវៈចម្រុះគ្រប់ប្រភេទ ហើយក៏ជាប្រយោជន៍សម្រាប់មនុស្សគ្រប់ជំនាន់។ ព្រះបរមរាជា ទ្រង់មានព្រះរាជបន្ទូលបន្តថា តាមរយៈព្រះរាជពិធីរុក្ខទិវានេះ ព្រះសង្ឃ អាជ្ញាធរ បងប្អូនជនរួមជាតិនៅទូទាំងប្រទេស បានចូលរួមដាំ និងការពារព្រៃឈើ។ ព្រះមហាបពិត្រ ទ្រង់មានរាជឱង្ការដូច្នេះថា៖«ការដាំឈើ និងរុក្ខជាតិគ្រប់ប្រភេទ គឺជាការវិនិយោគបៃតងលើធម្មជាតិដែលផ្តល់ពហុប្រយោជន៍ សម្រាប់មនុស្សជាតិយើងទាំងអស់គ្នា សត្វ ភពផែនដី និងធ្វើឱ្យមូលដ្ឋានភូមិ-ឃុំរបស់យើងមានទេសភាពពណ៍បៃតង និងរស់រវើកគ្រប់រដូវកាល»។

ព្រៃឈើមួយកន្លែងននៅកម្ពុជា (រូបថតកាលអំឡុងឆ្នាំ២០១៣ ដោយ Moyan Brenn) 
ព្រៃឈើមួយកន្លែងននៅកម្ពុជា (រូបថតកាលអំឡុងឆ្នាំ២០១៣ ដោយ Moyan Brenn) 

លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រាបបង្គំទូលថ្វាយព្រះមហាក្សត្រ និងជម្រាបដល់អង្គពិធីថា គិតពីដើម មកដល់ឆ្នាំ២០២៥នេះ កូនឈើដល់ទៅ២១លានដើម ត្រូវបានដាំបន្ថែមក្នុងប្រទេសកម្ពុជា។ លោករដ្ឋមន្រ្តីបន្តថា កម្ពុជានៅតែអាចអភិរក្សធនធានធម្មជាតិបានល្អប្រសើរ។ លោកបន្ថែមថា ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរ នៅតែបំផុសឱ្យមានការដាំនិងការពារព្រៃឈើនៅទូទាំងប្រទេស៕   


អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត