រាជធានីភ្នំពេញ៖ កាលពីយប់ថ្ងៃទី២៩ឧសភា ឆ្នាំ២០២៥ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ប្រោសព្រះរាជទានព្រះរាជសាររំលែកទុក្ខ ជូនគ្រួសារសពយោធិនព្រិន្ទបាលឯក សួន រ៉ោន ដែលបានពលីនៅព្រំដែនកម្ពុជា-ថៃ ក្រោយយោធាថៃមួយក្រុមឆ្មក់បាញ់ប្រហារមកលើយោធាការពារព្រំដែននៅតំបន់មុំបី នៃខេត្តព្រះវិហារ…។

ក្នុងព្រះរាជសាររំលែកទុក្ខនេះផងដែរ ព្រះមហាក្សត្រ ទ្រង់សម្ដែងនូវព្រះរាជហឫទ័យសោកស្ដាយឥតឧបមា ដោយបានទទួលដំណឹងថា លោកព្រិន្ទបាលឯក សួន រ៉ោន បានទទួលមរណភាពក្នុងជន្មាយុ៤៧ឆ្នាំ ក្នុងហេតុការណ៍ប៉ះទង្គិចរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ នៅព្រំដែនតំបន់មុំបី កាលពីព្រឹកថ្ងៃទី២៨ឧសភា ឆ្នាំ២០២៥ នៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ព្រះរាជសារ ក៏បានបញ្ជាក់ផងដែរថា ព្រះមហាក្សត្រ ទ្រង់ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ជាមួយក្រុមគ្រួសារនៃសព លោកព្រិន្ទបាលឯក ដែលជាយុទ្ធជនស្នេហាជាតិដ៏បរិសុទ្ធ បានពលីជីវិតក្នុងបេសកកម្មបម្រើជាតិមាតុភូមិ និងសូមឱ្យវិញ្ញាណក្ខន្ធលោក បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

សូមជម្រាបថា ក្រោយទទួលដឹងពីការបាត់បង់ជីវិតរបស់យោធិនព្រិន្ទបាលឯក សួន រ៉ោន សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត និងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក៏បានផ្ញើសារចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសពលោក សួន រ៉ោន ផងដែរ៕

