
រាជធានីភ្នំពេញ៖ ស្របពេលទិវានៃក្ដីស្រឡាញ់១៤កុម្ភៈ ខិតជិតមកដល់នាពេលខាងមុខ ក្រសួងអប់រំ យុវជន និងកីឡា ក្រើនរំឭកសិស្សានុសិស្សមិនឱ្យប្រព្រឹត្តិសកម្មភាពណាប៉ះពាល់ដល់សេចក្ដីថ្លៃថ្លូរ និងប្រពៃណី។ នេះបើតាមសេចក្ដីណែនាំរបស់ក្រសួងអប់រំចុះផ្សាយថ្ងៃទី៥កុម្ភៈ...។

តាមរយៈសេចក្ដីណែនាំ ដែលចុះហត្ថលេខាដោយ លោកឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ បានឱ្យដឹងថា មកទល់ពេលបច្ចុប្បន្ន សិស្សានុសិស្សមួយចំនួនតូចយល់ច្រឡំថា ថ្ងៃ១៤កុម្ភៈ ជាថ្ងៃបុណ្យសង្សារ ឬជាថ្ងៃណាត់ជួបគ្នារវាងគូស្នេហ៍ ខណៈទិវានេះពុំមែនជាប្រពៃណីរបស់ជនជាតិខ្មែរទេ។ ក្រសួងសង្កត់ធ្ងន់ថា៖«យុវជនមួយចំនួនតូច បាននិងកំពុងភ្លើតភ្លើន ភ្លេចការសិក្សា បាត់បង់សេចក្ដីថ្លៃថ្នូរជាបុគ្គល និងក្រុមគ្រួសារ ដោយប្រាសចាក វប្បធម៌ និងប្រពៃណីជាតិរបស់ខ្មែរ»។ ក្នុងន័យនេះ ក្រសួងណែនាំឱ្យគ្រប់មន្ទីរអប់រំរាជធានី-ខេត្ត ត្រូវផ្សព្វផ្សាយអំពីអត្ថន័យទិវានៃក្ដីស្រឡាញ់ ដល់សិស្សានុសិស្សឱ្យបានទូលំទូលាយ គ្រប់មធ្យោបាយ និងគ្រប់រូបភាព ដើម្បីជៀសវាងការយល់ច្រឡំ ដែលនាំឱ្យប្រាសចាកវប្បធម៌ និងប្រពៃណីជាតិរបស់ខ្មែរ។

ត្រូវបញ្ជ្រាបការអប់រំសីលធម៌តាមមុខវិជ្ជានីមួយៗ និងពង្រឹងការអនុវត្តវិន័យឱ្យបានម៉ឺងម៉ាត់ ដោយតាមដានអវត្តមានរបស់សិស្សានុសិស្សជាប់ជាប្រចាំ។ គ្រប់គ្រឹះស្ថានសិក្សា ក៏ត្រូវរួមសហការគ្នាទប់ស្កាត់ អប់រំណែនាំ និងកែលម្អឱ្យបានទាន់ពេលវេលា ជាពិសេស ត្រូវទាក់ទងជាមួយមាតាបិតា ឬអ្នកអាណាព្យាបាលសិស្ស និងសហគមន៍ដើម្បីផ្តល់ និងទទួលព័ត៌មាននានា ដែលពាក់ព័ន្ធនឹងសកម្មភាពមិនប្រក្រតី។ មួយវិញទៀត ក្រសួងក៏ណែនាំឱ្យមានការជំរុញដំណើរការរបស់ក្រុមប្រឹក្សាយុវជន ក្រុមប្រឹក្សាកុមារប្រចាំសាលា ដោយអនុវត្តសកម្មភាព «មិត្តអប់រំមិត្ត» ផងដែរ៕




