
រាជធានីភ្នំពេញ៖ នៅវេលាម៉ោង៩:០០នាទីព្រឹកថ្ងៃសុក្រទី៦កុម្ភៈ ឆ្នាំ២០២៦នេះ ក្រុមសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AoT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ច១ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្រោយបទឈប់បាញ់ចូលជាធរមាន...។

លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានគូសបញ្ជាក់យ៉ាងដូច្នេះថា ចាប់តាំងពីការចូលជាធរមាននៃបទឈប់បាញ់រវាងកម្ពុជានិងថៃមក កម្ពុជាតែងប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់បំផុត ក្នុងការគោរពអនុវត្តយ៉ាងខ្ជាប់ខ្ជួន និងពេញលេញនូវបទឈប់បាញ់, សេចក្តីថ្លែងការណ៍រួម ស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥, សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ព្រមទាំងកិច្ចព្រមព្រៀងពាក់ព័ន្ធដទៃទៀត៕









