
បទបរិយាយ៖ ស្ថិតក្នុងស្ថានភាពដែលប្រទេសជិតខាងប៉ែកខាងលិច ពោរពេញដោយភាពទុច្ចរិត មិនព្រមទៅណាឆ្ងាយដោយនៅក្រឡឹងក្បែរៗយើង ហើយថែមទាំងកាន់អាវុធបន្តឈរជើងលើទឹកដីយើងឥតញញើតទៀតនោះ កម្ពុជាត្រូវតែពង្រឹងសមត្ថភាពការពារជាតិឱ្យមានប្រសិទ្ធភាពខ្ពស់ និងឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន។ ឱកាស និងជាជម្រើសដ៏ល្អមួយសម្រាប់កម្ពុជានាពេលនេះ គឺគួរតែប្រញាប់ទិញសព្វាវុធ និងឧបករណ៍បច្ចេកវិទ្យាផ្នែកវិស័យការពារជាតិពីអាម៉េរិក។

ហេតុអ្វីមើលឃើញអាវុធអាម៉េរិក ជារឿងសំខាន់ខ្លាំង?
អាម៉េរិក គឺជាមហាអំណាចលំដាប់លេខមួយទាំងផ្នែកយោធា និងសព្វាវុធ ហើយបច្ចេកវិទ្យាក្នុងវិស័យការពារជាតិ ក៏ទំនើបមិនទាន់មានប្រទេសណាប្រៀបផ្ទឹមស្មើ។អាម៉េរិក នាំមុខគេលើបច្ចេកវិទ្យាយោធា ចាប់តាំងពីប្រព័ន្ធការពារអាកាស ឧបករណ៍ស៊ើបការណ៍ ដ្រូន រហូតដល់ប្រព័ន្ធឌីជីថល ដែលអាចគ្រប់គ្រងសមរភូមិពីចម្ងាយ។ ក្នុងពេលពិភពលោកកំពុងឈានចូលមកដល់យុគសម័យបច្ចេកវិទ្យាថ្មីៗ ការវិនិយោគលើបច្ចេកវិទ្យា ប្រព័ន្ធព័ត៌មាន និងការបណ្ដុះបណ្ដាលធនធានមនុស្សលើជំនាញទាំងនេះ ពិតជាមានសារសំខាន់សម្រាប់វិស័យការពារជាតិ។

និយាយឱ្យចំ កម្ពុជាត្រូវតែពង្រឹងវិស័យយោធាតាមបែបសម័យទំនើប មិនមែនតាមបែបសម័យបុរាណ ឬតាមបែបអតីតកាលទៀតឡើយ។ អាវុធដែលមានគុណភាពខ្ពស់ ភ្ជាប់ជាមួយបច្ចេកវិទ្យាទាន់សម័យ អាចជួយឱ្យកម្ពុជាបង្កើនសមត្ថភាពតាមដានព័ត៌មាន និងការពារខ្លួន ហើយអាចឆ្លើយតបទៅនឹងគ្រោះថ្នាក់ ឬការឈ្លានពានណាមួយ។ ការធ្វើទំនើបកម្មវិស័យយោធា គឺជាភាពចាំបាច់ខ្លាំងណាស់ នៅក្នុងបរិបទភូមិសាស្ត្រនយោបាយប្រែប្រួលមិនទៀងទាត់សព្វថ្ងៃនេះ។

ក្នុងកិច្ចសម្ភាសជាមួយអង្គភាពសារព័ត៌មាន SBM News នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា មើលឃើញថា អាម៉េរិក ជាប្រភពសំខាន់មួយក្នុងការផ្គត់ផ្គង់អាវុធដល់កម្ពុជាតាមរយៈការទិញលក់។ អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយរូបនេះ សង្កត់ធ្ងន់ដូច្នេះថា៖«បើយើងអាចទិញបាន កាន់តែឆាប់កាន់តែល្អ»។ ប៉ុន្តែ លោកទាញចំណុចសំខាន់មកបង្ហាញថា តើកម្ពុជាមានលទ្ធភាពផ្នែកថវិកា អាចទិញអាវុធ និងបច្ចេកវិទ្យាក្នុងវិស័យការពារជាតិពីអាម៉េរិកបានកម្រិតណាខ្លះ។

ម្យ៉ាងទៀត លោកអះអាងថា បើទោះជាកម្ពុជាមានថវិកាគ្រប់គ្រាន់ក្ដី ក៏អាម៉េរិកមិនអាចលក់អាវុធគ្រប់ប្រភេទ បច្ចេកវិទ្យាគ្រប់យ៉ាងឱ្យកម្ពុជាដែរ។ លោកលើកឧទាហរណ៍ជាក់ស្តែងថា ថៃជាសម្ព័ន្ធមិត្តរបស់អាម៉េរិកពាក់កណ្តាលសតវត្សរ៍ហើយ ក៏អាម៉េរិកមិនទាន់យល់ព្រមលក់យន្តហោះចម្បាំងប្រភេទ F-35 ឱ្យនោះទេ។ លោកបញ្ជាក់ដូច្នេះថា៖«[ទិញអាវុធ] មិនដូចយើងទៅផ្សារទំនើប ទិញទំនិញដែលយើងឃើញ និងតាមលទ្ធភាពលុយដែលយើងមាននោះទេ»។

ដ្បិតទទួលអំណោយល្អពីអាម៉េរិក តែកម្ពុជាត្រូវរក្សាលំនឹងការទូតជាមួយចិន និងសម្ព័ន្ធមិត្ត
កម្ពុជា-ចិន មានទំនាក់ទំនងសេដ្ឋកិច្ច និងនយោបាយយ៉ាងជិតស្និទ្ធជាមួយចិនអស់រយៈពេលយូរមកហើយ។ មិនត្រឹមតែជាដៃគូទេ មហាយក្សចិន ក៏ជាប្រទេសផ្តល់ជំនួយដ៏ធំសម្រាប់កម្ពុជាដែរ។ មេដឹកនាំកម្ពុជា-ចិន តែងប្រកាសដូចគ្នាថា ប្រទេសទាំង២ជាមិត្តដែកថែបមិនអាចបំបែកបាន។ ហេតុដូច្នេះ ស្របពេលកំពុងមានឱកាសទិញអាវុធពីអាម៉េរិកដែលប្រៀបបានជាអំណោយល្អមួយដែលអាម៉េរិកផ្តល់ឱ្យ កម្ពុជាក៏ត្រូវប្រុងប្រយ័ត្នដែរ ពីព្រោះថា បើមិនប្រុងប្រយ័ត្នទេ ការយល់ច្រឡំ ឬការប៉ះពាល់ដល់ទំនាក់ទំនង អាចនឹងកើតមានឡើងរវាងកម្ពុជា-ចិន និងរវាងកម្ពុជា ជាមួយប្រទេសសម្ព័ន្ធមិត្តផ្សេងទៀត។

ប្រុងប្រយ័ត្នដូចម្តេច? គឺកម្ពុជាគួរតែបន្តគោលនយោបាយរាប់អានជាមួយគ្រប់ប្រទេស ដោយមិនត្រូវបង្ហាញភាពទោរទន់ខ្លាំងពេកទៅលើប្រទេសណាមួយ ឬមហាអំណាចណាមួយ ដោយសារការទទួលបានសម្បទានពីមហាអំណាចនោះឡើយ។ ការប្រកាន់ជំហរបែបនេះ ធ្វើឱ្យកម្ពុជា អាចរក្សាតុល្យភាពការទូតជាមួយប្រទេសនានាបាន។ ប្រទេសតូច អាចរងសម្ពាធពីប្រទេសអំណាចធំៗ ប៉ុន្តែការអនុវត្តនយោបាយបរទេសដែលមានតុល្យភាព អាចជួយកាត់បន្ថយហានិភ័យ។ និយាយយ៉ាងសាមញ្ញថា ការទិញអាវុធពីអាម៉េរិក គឺកម្ពុជាត្រូវចេះពីរបៀបទិញ កុំឱ្យការទិញនេះនាំទៅដល់ការប៉ះពាល់ទឹកចិត្តប្រទេសជាសម្ព័ន្ធមិត្ត។

លោក គិន ភា ផ្តល់យោបល់ថា ក្នុងទំនាក់ទំនងអន្តរជាតិ ហើយភូមិសាស្ត្រនយោបាយ កំពុងស្ថិតក្នុងភាពស្មុគស្មាញ និងការប្រកួតប្រជែងទៀតនោះ ការចេះរក្សាតុល្យភាពនៃទំនាក់ទំនងការទូត គឺជារឿងសំខាន់។ សំខាន់..លោកចង់ឱ្យកម្ពុជារៀបចំគោលនយោបាយការបរទេសមួយ ប្រកបដោយភាពឆ្លាតវៃ និងបត់បែន។ អ្នកជំនាញនយោបាយ និងការទូតអន្តរជាតិរូបនេះ លើកទស្សនៈផ្ទាល់ខ្លួនថា៖«យើងត្រូវតែធ្វើយ៉ាងណា កុំឱ្យទំនាក់ទំនងរបស់យើងជាមួយមហាអំណាច មានលក្ខណៈលើកមួយដាក់មួយ គឺត្រូវរក្សាតុល្យភាព»។

ចំពោះការទិញអាវុធវិញ ថ្វីបើលោកយល់ថា ទិញពីអាម៉េរិកបានកាន់តែឆាប់ កាន់តែល្អពិតមែន តែទន្ទឹមគ្នានេះ លោកក៏ជំរុញឱ្យរាជរដ្ឋាភិបាលថ្លឹងថ្លែងឱ្យបានច្បាស់លាស់ដែរ ចៀសវាងកុំធ្វើឱ្យខូចទំនាក់ទំនងជាមួយប្រទេសសម្ព័ន្ធមិត្តផ្សេងទៀត។ ដើម្បីកុំឱ្យខូចទំនាក់ទំនងជាមួយចិន តើកម្ពុជា គួរតែទិញអាវុធពីអាម៉េរិកផង ពីចិនផងតែម្ដងបានទេ បើកម្ពុជាមានលទ្ធភាព? លោក គិន ភា មិនផ្តល់ចម្លើយចំពីសំណួរនេះឡើយ តែលោករម្លឹកសម្តីខ្លួនឯងពីខាងដើមមកវិញថា មិនមែនមានលុយអាចទិញអាវុធបានគ្រប់ប្រភេទ ពីប្រទេសណាមួយឡើយ។ ដូច្នេះ បញ្ញវន្តនៃរាជបណ្ឌិត្យសភារូបនេះ ក៏ផ្តល់យោបល់ឱ្យរាជរដ្ឋាភិបាលកម្ពុជាពិចារណាថា អាវុធប្រភេទណាខ្លះ ត្រូវទិញពីអាម៉េរិក ពីចិន ឬពីរុស្ស៊ី។

សូមជម្រាបថា កម្ពុជាទទួលបានដំណឹងល្អពីអាម៉េរិក ដោយនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ អាម៉េរិកបានចេញសេចក្ដីសម្រេចជាផ្លូវការ ដកកម្ពុជា ចេញពីបញ្ជីក្រុមប្រទេសដែលអាម៉េរិកផ្អាកលក់អាវុធឱ្យ។ ការដកចេញនេះ មានន័យថា អាម៉េរិក យល់ព្រមលក់អាវុធឱ្យកម្ពុជាឡើងវិញ។ ក្នុងសេចក្ដីសម្រេចនេះ មានពាក្យដ៏គួរឱ្យចាប់អារម្មណ៍មួយឃ្លា ដែលអាម៉េរិកផ្ដល់ជូនជាពិសេសដល់កម្ពុជា គឺអាម៉េរិក រំពឹងថា ចំនួនពាក្យស្នើសុំនាំចេញទំនិញ[មានទាំងផ្នែកអាវុធផង]មកកម្ពុជា នឹងមានការកើនឡើង ដើម្បីឆ្លុះបញ្ចាំងពីការបើកចំហកាន់តែខ្លាំង ក្នុងទំនាក់ទំនងពាណិជ្ជកម្ម និងវិស័យការពារជាតិរវាងប្រទេសទាំង២។ កញ្ចប់ថវិកាកម្ពុជា សម្រាប់ចំណាយក្នុងឆ្នាំ២០២៦នេះ មានទំហំដល់ទៅ «១០ពាន់លានដុល្លារ» ដោយផ្តោតសំខាន់ខ្លាំងលើការពង្រឹងសមត្ថភាពការពារទឹកដី៕



