ឥទ្ធិពលព្យុះទី២ឈ្មោះ «ពែនញ៉ា» នឹងធ្វើឱ្យកម្ពុជាមានភ្លៀងធ្លាក់រហូតដល់ថ្ងៃ១២កុម្ភៈ
អុន សម្ផស្ស
06 កុម្ភៈ 2026 02:00 AM

រាជធានីភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម ជូនដំណឹងដល់សាធារណជន ពិសេសអ្នកធ្វើដំណើរតាមផ្លូវគោក និងផ្លូវទឹក ឱ្យប្រុងប្រយ័ត្នខ្ពស់ ក្រោយសង្កេតឃើញសម្ពាធទាបកើតនៅមហាសមុទ្ទប៉ាស៊ីហ្វិកខាងលិច បានវិវត្តទៅជាព្យុះទី២ឈ្មោះ «ពែនញ៉ា» ធ្វើឱ្យកម្ពុជាអាចមានភ្លៀងធ្លាក់ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦...។

តាមក្រសួង ដ្បិតកម្ពុជាពុំស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះ ប៉ុន្តែព្យុះនេះមានឥទ្ធិពលលើរបបខ្យល់មូសុងឦសាន ដែលបក់លើសមុទ្ទចិនខាងត្បូង អាងទន្លេមេគង្គសមុទ្ទកម្ពុជា និងមកលើប្រទេសកម្ពុជា។ ស្ថានភាពបែបនេះ ធ្វើឱ្យតំបន់វាលទំនាប រួមមាន៖ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ព្រៃវែង ត្បូងឃ្មុំ ស្វាយរៀង តាកែវ កណ្តាល និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី១៥ភាគរយ។

រីឯតំបន់ខ្ពង់រាប រួមមាន៖ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី១០ភាគរយ។ ចំណែកខេត្តស្ទឹងត្រែង និងរតនគិរី ពុំមានភ្លៀងធ្លាក់ឡើយ។ ចំពោះតំបន់មាត់សមុទ្ទ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី ២០ភាគរយ។ រលកសមុទ្ទមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រ និងកម្ពស់មធ្យម អតិបរមា១,២០ម៉ែត្រ

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត