
រាជធានីភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម ព្យាករឃើញថា តំបន់មាត់សមុទ្ទ តំបន់វាលទំនាប និងតំបន់ខ្ពង់រាប នឹងមានភ្លៀងធ្លាក់ អមមកជាមួយខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី១០ភាគរយ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥..។

ក្រសួងធនធានទឹក អះអាងថា៖«សម្ពាធទាបដែលកើតនៅសមុទ្ទចិនខាងត្បូងមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងឦសាន ដែលបក់លើសមុទ្ទកម្ពុជា សមុទ្ទអាន់ដាម៉ាន់ និងអាងទន្លេមេគង្គ»។ ស្ថានភាពបែបនេះធ្វើឱ្យតំបន់មាត់សមុទ្ទ សីតុណ្ហភាពមធ្យមអប្បបរមា២០អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា៣០អង្សាសេ ក្នុងនោះមានខ្យល់កន្ត្រាក់បក់មកពីទិសឦសាន និងទិសអាគ្នេយ៍ មានល្បឿនមធ្យម៥ម៉ែត្រក្នុងមួយវិនាទី តែយ៉ាងណា ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ មិនមានភ្លៀងធ្លាក់ទេ។ រលកសមុទ្ទ មានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,០០ម៉ែត្រ។

រីឯ តំបន់វាលទំនាប សីតុណ្ហភាពមធ្យមអប្បបរមា២០អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា៣០អង្សាសេ។ ខ្យល់បក់មកពីទិសឦសាន និងទិសបូព៌ា មានល្បឿនមធ្យម៦ម៉ែត្រក្នុងមួយវិនាទី ដែលបណ្តាលឱ្យ ខេត្តពោធិ៍សាត់ អាចមានភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី១០ភាគរយ ចំណែក រាជធានីភ្នំពេញ ខេត្តកំពង់ឆ្នាំង បន្ទាយមានជ័យ សៀមរាប បាត់ដំបង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល ស្វាយរៀង និងតាកែវ គ្មានភ្លៀងធ្លាក់ទ្បើយ។

ដោយទ្បែក តំបន់ខ្ពង់រាប សីតុណ្ហភាពមធ្យមអប្បបរមា១៩អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា៣០អង្សាសេ មានខ្យល់កន្ត្រាក់បក់មកពីទិសឦសាន និងទិសបូព៌ា ល្បឿនមធ្យម៥ម៉ែត្រក្នុងមួយវិនាទី ប៉ុន្តែខេត្តកំពង់ស្ពឺ ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ រតនគិរី មណ្ឌលគិរី ប៉ៃលិន ស្ទឹងត្រែង ជួរភ្នំ ដងរែក និងតំបន់ជួរភ្នំក្រវាញ ពុំមានភ្លៀងធ្លាក់នោះទេ៕



