
រាជធានីភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) លោក ចន ស៊ី.ខហ្វហ្វេន័រ (Mr.John C. Coughenour) ចៅក្រមជាន់ខ្ពស់របស់សហរដ្ឋអាម៉េរិក បានបង្ហាញការខកចិត្ត ក្រោយបានដឹងពីទង្វើឈ្លានពាន ដែលយោធាថៃធ្វើដាក់ពលរដ្ឋស្លូតត្រង់កម្ពុជា រួមទាំងការប្រើយន្តហោះចម្បាំងទម្លាក់គ្រាប់ និងការកាន់កាប់យកទឹកខ្មែរជាដើម។

ជំនួបរវាងភាគីទាំងពីរ ធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ទី៥កុម្ភៈ ឆ្នាំ២០២៦។ ក្នុងជំនួបនេះ លោក កែវ រ៉េមី បានរៀបរាប់ពីទង្វើរបស់យោធាថៃធ្វើមកលើកម្ពុជា ដូចជា ការប្រើគ្រាប់បែកចង្កោម, ផ្សែងពុល,យន្តហោះចម្បាំង F-16, Gripen និង T-50th ចូលជ្រៅមកក្នុងទឹកដីកម្ពុជាជាង៩០គីឡូម៉ែត្រ ដើម្បីធ្វើការវាយប្រហារដោយមិនរើសមុខលើភូមិឋានជនស៊ីវិល ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងប្រាសាទបុរាណ ជាពិសេស ប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក។ លោកបន្តថា បើទោះបីមានកិច្ចព្រមព្រៀងបទឈប់បាញ់ ភាគីថៃនៅតែបន្តសកម្មភាពញុះញង់ និងបង្កហេតុផ្សេងៗនានា ដូចជា៖ ការប្រើប្រាស់សំឡេងមានប្រេកង់ខ្ពស់រំខានផ្លូវចិត្តដល់ជនស៊ីវិល, កម្ទេចផ្ទះសម្បែង, បំផ្លាញរូបសំណាកសាសនា, លួចទ្រព្យសម្បត្តិ និងការដាក់ពង្រាយបន្លាលួស និងទូកុងតឺន័រ ដើម្បីរារាំងជនភៀសសឹកកម្ពុជាជាងមួយសែននាក់មិនឱ្យវិលត្រឡប់ទៅលំនៅឋានវិញ ជាដើម។

លោកសង្កត់ធ្ងន់ថា៖«សកម្មភាពទាំងនេះ គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់សិទ្ធិមនុស្សអន្តរជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិ ជាពិសេស អនុសញ្ញាទីក្រុងហ្សឺណែវ ឆ្នាំ១៩៤៩»។ «កម្ពុជាតែងតែគោរព និងអនុវត្តតាមអនុសញ្ញា និងសន្ធិសញ្ញា បារាំង–សៀម ឆ្នាំ១៩០៤ និងឆ្នាំ១៩០៧ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការក្រោមច្បាប់អន្តរជាតិ។ ប៉ុន្ដែ ភាគីថៃ ជាពិសេសក្រុមជ្រុលនិយម និងអ្នកនយោបាយថៃមួយចំនួន នៅតែប្រើប្រាស់ផែនទីដែលគូសជាឯកតោភាគី ផ្ទុយទាំងស្រុងនឹងក្របខណ្ឌច្បាប់អន្តរជាតិ»។ ក្រោយស្ដាប់ចប់ លោក ចន ស៊ី.ខហ្វហ្វេន័រ បានសម្ដែងការខកចិត្តចំពោះសកម្មភាព និងមហិច្ឆតារបស់យោធាថៃ ដែលបានប្រើប្រាស់សព្វាវុធគ្រប់ធុនឈ្លានពានកម្ពុជាយ៉ាងអយុត្តិធម៌ ព្រមទាំងបានបង្កឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរមកលើប្រជាជនស៊ីវិលកម្ពុជា។ យ៉ាងណា លោកថា លោក ដូណាល់ ត្រាំ ប្រធានាធិបតី និងប្រជាជនសហរដ្ឋអាម៉េរិក គាំទ្រចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានប្រកាន់យកជម្រើសនៃការអត់ធ្មត់ និងការប្តេជ្ញាចិត្តឥតងាករេក្នុងការដោះស្រាយជម្លោះនេះ ដោយសន្តិវិធី និងផ្អែកលើច្បាប់៕






