
រាជធានីភ្នំពេញ៖ ពាក្យថា «អ្នកជំងឺអាស៊ី» មិនមែនជាពាក្យសាមញ្ញឡើយ គឺគ្មានប្រទេសណាមួយលើពិភពលោកចង់បាននោះទេ។ តែថៃទទួលបានពាក្យនេះ! អ្នកជំងឺអាស៊ីក្នុងបរិបទនេះ សំដៅលើសេដ្ឋកិច្ចនៃប្រទេសមួយ ដែលធ្លាក់ទន់ខ្សោយ និងជួបការលំបាក នៅទ្វីបអាស៊ីដែលមានប្រទេសជិត៥០។

មិនមែនតែកាសែតបរទេសទេ សូម្បីកាសែតធំៗល្បីៗក្នុងប្រទេសខ្លួនឯង ក៏សរសេរដែរ អំពីសេដ្ឋកិច្ចថៃធ្លាក់ចុះអស់ជាច្រើនកាំ ដោយសារមូលហេតុចម្បងៗ រួមមាន៖ ការនាំផលិតផលចេញទៅក្រៅប្រទេស ផលិតកម្ម វិស័យទេសចរណ៍ កំពុងជួបការលំបាក, ប្រជាជនជំពាក់ធនាគារច្រើន, អស្ថិរភាពនយោបាយ កំណែទម្រង់ខ្សោយ ដែលបង្កការភ័យខ្លាចដល់អ្នកវិនិយោគបរទេស។

បច្ចុប្បន្ន កំណើនសេដ្ឋកិច្ចថៃ កើនឡើងយឺតមែនទែន ត្រឹមតែ១,៥ទៅ២ភាគរយប៉ុណ្ណោះក្នុង១ឆ្នាំ ក្នុងរយៈពេល៤-៥ឆ្នាំចុងក្រោយនេះ ខណៈកាលមុន ធ្លាប់មានប្រវត្តិកំណើនសេដ្ឋកិច្ចល្អប្រសើរ ពិសេសកាលពីអំឡុងឆ្នាំ១៩៨០ ដល់ឆ្នាំ១៩៩៩ មានកំណើនសេដ្ឋកិច្ចពី៨ទៅ១០ភាគរយ និងឆ្នាំ២០០០ ដល់ឆ្នាំ២០០៩ មានកំណើនសេដ្ឋកិច្ចពី៤ទៅ៦ភាគរយ រហូតដល់គេហៅថា ជាខ្លាសេដ្ឋកិច្ចមួយ។

សារព័ត៌មាន Financial Times (ហ្វាយណាន់សល ថាមស៍) របស់អង់គ្លេស បានដាក់ចំណងថា «មូលហេតុដែលថៃក្លាយអ្នកជំងឺអាស៊ី»។ សារព័ត៌មានថៃ The Nation សរសេរចំណងជើងថា «ថៃពីខ្លាសេដ្ឋកិច្ច ទៅជាអ្នកជំងឺអាស៊ី»។ ចំណែកសារព័ត៌មានថៃមួយទៀត គឺ Bangkok Post បង្ហាញចំណងជើងថា «ថៃពេលនេះ គឺជាអ្នកជំងឺអាស៊ាន»។ សូមបញ្ជាក់ត្រង់កន្លែងនេះ សារព័ត៌មាន Bangkok Post និយាយត្រឹមអាស៊ាន ដែលមានសមាជិកតែ១១ប្រទេសប៉ុណ្ណោះ មិននិយាយដល់ទ្វីបអាស៊ីទាំងមូលនោះទេ។

ទោះយ៉ាងណា សារព័ត៌មានខាងលើ ពុំបានភ្ជាប់ការធ្លាក់ចុះសេដ្ឋកិច្ចប្រទេសថៃ ថាដោយសារធ្វើសង្គ្រាមជាមួយកម្ពុជានោះទេ។ ចំពោះកម្ពុជាវិញ តើត្រូវពង្រឹងខ្លួនដូចម្តេច ដើម្បីអាចធ្វើឱ្យសេដ្ឋកិច្ចងើបឡើងវិញ បើមិនអាចងើបខ្ពស់ជាងមុន យ៉ាងហោចណាស់ កុំឱ្យសេដ្ឋកិច្ចកាន់តែផុងខ្លួនធ្លាក់ចុះកាន់តែជ្រៅទៅៗ? អ្នកចែករំលែកយោបល់អំពីរឿងនេះ គឺលោកបណ្ឌិត មាស នី អ្នកសិក្សាពីការអភិវឌ្ឍសង្គម និងជាអ្នកតាមដានព្រឹត្តិការណ៍នយោបាយ តាមរយៈកិច្ចសម្ភាសជាមួយអង្គភាពសារព័ត៌មាន SBM News នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦។

ទោះសារព័ត៌មានទាំងនោះ មិនភ្ជាប់សេដ្ឋកិច្ចថៃទៅនឹងសង្គ្រាមជាមួយកម្ពុជា តែលោក មាស នី បានភ្ជាប់សេដ្ឋកិច្ចកម្ពុជា ទៅនឹងសង្គ្រាមដែលបង្កឡើងដោយថៃ។ លោក មើលឃើញថា សេដ្ឋកិច្ចកម្ពុជា ក៏ធ្លាក់ចុះដែរ ដោយសារសង្គ្រាមនេះ ដូច្នេះ កម្ពុជា មិនត្រូវធ្វេសប្រហែសឡើយ។ យោបល់ដំបូងបង្អស់ ដែលលោកលើកឡើង គឺលោកចង់ឱ្យរាជរដ្ឋាភិបាលកម្ពុជា ត្រូវហ៊ានបង្ហាញទិន្នន័យពិតអំពីបញ្ហាសេដ្ឋកិច្ច ហើយស្វែងរកដំណោះស្រាយជាក់ស្តែង។

លោកបន្តថា ការបង្ហាញការពិតនេះ ក៏អាចឱ្យបញ្ញវន្តនៅក្រៅជួររាជរដ្ឋាភិបាលបានមើលឃើញ និងអាចចូលរួមធ្វើវិភាគទានគំនិតផងដែរ។ ជាមួយគ្នា អ្នកសិក្សាការអភិវឌ្ឍសង្គមរូបនេះ ស្នើឱ្យរាជរដ្ឋាភិបាលធ្វើកំណែងទម្រង់សេដ្ឋកិច្ចឡើងវិញ ខណៈសេដ្ឋកិច្ចកម្ពុជា មិនទាន់ដើរទាន់ប្រទេសជិតខាងនោះទេ។
ចំណុចសំខាន់បន្ទាប់ ដែលលោកផ្តោតខ្លាំង និងស្នើឱ្យរាជរដ្ឋាភិបាលចាត់វិធានការដែរនោះ គឺអំពើពុករលួយ។ លោក សង្កត់ធ្ងន់ដូច្នេះថា៖«បើប្រព័ន្ធពុករលួយនៅតែមានបន្ត ទោះបីសេដ្ឋកិច្ចមានកំណើនប៉ុន្មាន ក៏នៅតែមិនបានរីកចម្រើន គ្មានសមធម៌ដែរ [ព្រោះ]លុយហ្នឹងចូលទៅហោប៉ៅបុគ្គល..!»។

ចំណុចមួយទៀត លោក មាស នី ចង់ឱ្យរាជរដ្ឋាភិបាលកម្ចាត់អំពើឆបោកអនឡញ ដែលលោកមើលឃើញថា អាចប៉ះពាល់ធំធេងដល់សេដ្ឋកិច្ចកម្ពុជា និងអាចធ្វើឱ្យកម្ពុជារងទណ្ឌកម្មពីបរទេស។ មុននឹងបន្តប្រសាសន៍អ្នកតាមដានព្រឹត្តិការណ៍នយោបាយរូបនេះ យើងងាកមកមើលសកម្មភាពរាជរដ្ឋាភិបាលបន្តិចសិន អំពីការបោសសម្អាតបទល្មើសឆបោកអនឡាញនេះ។ ដោយមានបទបញ្ជាពីរាជរដ្ឋាភិបាល មួយរយៈនេះ គេឃើញកងកម្លាំងសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធ បានធ្វើសកម្មភាពបង្ក្រាបយ៉ាងខ្លាំង និងជាញឹកញាប់ នៅតាមទីតាំងនានាដែលលួចប្រព្រឹត្តអំពើឆបោកអនឡាញ។ ថ្នាក់ដឹកនាំ និងស្ថាប័នជាតិមួយចំនួន ផ្ញើសារដូចគ្នាថា «គ្មានថ្ងៃបន្ធូរដៃឱ្យក្រុមឧក្រិដ្ឋជននោះទេ»។

ត្រឡប់មកស្ដាប់លោក មាស នី វិញ! លោក ចាប់ផ្តើមនិយាយចំពីរឿងសេដ្ឋកិច្ច។ លោកថ្លែងថា បច្ចុប្បន្ន ប្រទេសនានាលើពិភពលោក កំពុងងាកមកចាប់យកវិស័យឧស្សាហកម្មហើយ ដោយមិនពឹងតែទៅលើវិស័យកសិកម្មដូចអតីតកាលនោះទេ។ ហេតុដូច្នេះ លោកផ្តល់យោបល់ថា កម្ពុជាត្រូវឈរជើងទាំង២លើវិស័យកសិកម្មផង និងវិស័យឧស្សាហកម្មផង។ លោក បញ្ជាក់អត្ថន័យថា កម្ពុជា ត្រូវពង្រឹងវិស័យទាំង២នេះទន្ទឹមគ្នា។

ចំណុចសំខាន់ផ្សេងទៀត ចេញពីយោបល់ លោក មាស នី គឺកម្ពុជា ត្រូវពង្រឹងសមត្ថភាពផ្សារភ្ជាប់ផលិតផលខ្លួន ពិសេសផលិតផលកសិកម្ម ទៅទីផ្សារអន្តរជាតិដោយខ្លួនឯង ហើយក៏ត្រូវពង្រឹងបន្ថែមទៅលើវិស័យទេសចរណ៍ផងដែរ។ សូមជម្រាបថា ធនាគារអភិវឌ្ឍអាស៊ី (ADB) បង្ហាញរបាយការណ៍ថា ក្នុងឆ្នាំ២០២៥ កំណើនសេដ្ឋកិច្ចកម្ពុជា មានទំហំ៤,៩ភាគរយ ហើយព្យាករថា អាចកើនឡើងដល់៥ភាគក្នុង២០២៦នេះ៕



