បងធំពិភពលោកទាំងពីរ ទាញទូរសព្ទសួរសុខទុក្ខគ្នាអំពីបញ្ហារាប់សិបជំពូក
ហៀប ស៊ីថេត
3 ម៉ោងមុន

រដ្ឋធានីវ៉ាស៊ីនតោន៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានទូរសព្ទពិភាក្សាគ្នាប្រកបដោយភាពវិជ្ជមាន កាលពីថ្ងៃពុធទី៤ ខែកុម្ភៈ ទោះបីជារដ្ឋធានីប៉េកាំងធ្លាប់គ្រហឹមព្រមានរដ្ឋធានីវ៉ាស៊ីនតោន អំពីការលក់អាវុធទៅឱ្យកោះតៃវ៉ាន់ក៏ដោយ...។

 លោក ដូណាល់ ត្រាំ(ឆ្វេង) និងលោក ស៊ី ជីនពីង
 លោក ដូណាល់ ត្រាំ(ឆ្វេង) និងលោក ស៊ី ជីនពីង

លោក ត្រាំ បានលើកឡើងថា លោក ស៊ី កំពុងពិចារណាបង្កើនការទិញសណ្តែកសៀងពីសហរដ្ឋអាម៉េរិកឱ្យដល់២០លានតោនក្នុងមួយឆ្នាំ ខណៈកន្លងមក ចិនទិញត្រឹមតែ១២លានតោនប៉ុណ្ណោះ ដូចនេះ កិច្ចសន្យាទិញសណ្តែកសៀងនឹងកើនឡើង។ កិច្ចពិភាក្សានេះ កើតឡើងតែប៉ុន្មានម៉ោង បន្ទាប់ពីកិច្ចប្រជុំតាមអ៊ីនធឺណិតរបស់លោក ស៊ី ជាមួយប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន។ លោក ស៊ី និងលោក ត្រាំ ក៏បានពិភាក្សាអំពីបញ្ហាកោះតៃវ៉ាន់ និងបញ្ហាពាណិជ្ជកម្ម និងសន្តិសុខជាច្រើន ដែលនៅតែជាឫសគល់នៃភាពតានតឹងរវាងប្រទេស ដែលមានសេដ្ឋកិច្ចធំជាងគេទាំង២របស់ពិភពលោក។ ជាមួយគ្នា មេដឹកនាំពិភពលោកទាំង២ ក៏បានបញ្ជាក់ជាសាធារណៈ អំពីភាគហ៊ុនផ្ទាល់ខ្លួនរបស់ពួកគេនៅក្នុងទំនាក់ទំនងដ៏រឹងមាំ បន្ទាប់ពីការហៅទូរសព្ទនេះ។

លោក ត្រាំ បានអះអាងនៅលើបណ្តាញសង្គម Truth Social ថា ការហៅទូរសព្ទនេះ គឺមានវិជ្ជមានខ្លាំងណាស់ ហើយទំនាក់ទំនងរបស់លោកជាមួយលោក ស៊ី គឺល្អ។ «យើងទាំង២ ដឹងថា..វាសំខាន់ប៉ុណ្ណាក្នុងការរក្សាទំនាក់ទំនងតាមរបៀបនោះ» នេះជាសម្តីរបស់ ត្រាំ។ យោងតាមគណនីផ្លូវការរបស់រដ្ឋាភិបាលចិន លោក ស៊ី បានសង្កត់ធ្ងន់ថា៖«ខ្ញុំផ្តល់សារសំខាន់យ៉ាងខ្លាំងចំពោះទំនាក់ទំនងចិន-អាម៉េរិក»។ ទោះបីលោក ត្រាំ ចាត់ទុកចិន ជាឆ្អឹងទទឹង-ក អាម៉េរិក នៃជំហានគោលនយោបាយយោធាជាច្រើនរាប់ចាប់ពីប្រទេសកាណាដា ហ្គ្រោអង់ឡង់ (ឬហ្គ្រីនឡែន) និងវេណេហ្ស៊ុយអេឡា ក៏ដោយ ក៏ចៅហ្វាយសេតវិមានបានបន្ធូរបន្ថយគោលនយោបាយ ចំពោះរដ្ឋធានីប៉េកាំង ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ នៅក្នុងវិស័យសំខាន់ៗ ចាប់ពីពន្ធគយរហូតដល់បន្ទះឈីបកុំព្យូទ័រទំនើប និងយន្តហោះគ្មានមនុស្សបើក។

យ៉ាងណា បញ្ហាកោះតៃវ៉ាន់នៅតែជាដំបៅក្នុងទ្រូងស្តេចនាគរាជចិន។ ជាក់ស្តែង សហរដ្ឋអាម៉េរិកបានប្រកាសពីកិច្ចព្រមព្រៀងលក់អាវុធដ៏ធំបំផុតរបស់ខ្លួនជាមួយតៃវ៉ាន់កាលពីខែធ្នូ រួមទាំងអាវុធតម្លៃ១១,១ពាន់លានដុល្លារអាម៉េរិក ដែលអាចប្រើប្រាស់ដើម្បីការពារប្រឆាំងនឹងការវាយប្រហាររបស់ចិន ខណៈតៃវ៉ាន់រំពឹងថា អាម៉េរិកនឹងមានការលក់បែបនេះបន្ថែមទៀត។ សូមជម្រាបថា សហរដ្ឋអាម៉េរិកមានទំនាក់ទំនងការទូតជាផ្លូវការជាមួយប្រទេសចិន ប៉ុន្តែនៅតែបន្តរក្សាទំនាក់ទំនងក្រៅផ្លូវការជាមួយតៃវ៉ាន់ ​និងជាអ្នកផ្គត់ផ្គង់អាវុធសំខាន់បំផុតរបស់កោះនេះ ទោះរដ្ឋធានីវ៉ាស៊ីនតោនមិនទទួលស្គាល់ឯករាជភាពរបស់កោះតៃវ៉ាន់ក៏ដោយ។ ចិនធ្លាប់ផ្តាំទៅសហរដ្ឋអាម៉េរិកថា ត្រូវដោះស្រាយការលក់អាវុធទៅឱ្យតៃវ៉ាន់ដោយប្រុងប្រយ័ត្ន ប៉ុន្តែអាម៉េរិកធ្វើជាស្ដាប់មិនឮ។

ទោះជាយ៉ាងណា បញ្ហាសេដ្ឋកិច្ចនៅតែជាប្រធានបទក្ដៅរវាងមហាអំណាចពិភពលោកទាំង២។ សណ្តែកសៀងនៅតែជាកត្តាសំខាន់ ខណៈចិនគឺជាអ្នកប្រើប្រាស់កំពូល។ ការលក់សណ្តែកសៀងនៅបរទេសរបស់សហរដ្ឋអាម៉េរិកនៅឆ្នាំនេះ បានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល១៤ឆ្នាំ ដោយសារតែភាពតានតឹងពាណិជ្ជកម្មជាមួយប្រទេសចិន។ គួរបញ្ជាក់ថា បន្ថែមពីលើសណ្តែកសៀង មេដឹកនាំសហរដ្ឋអាម៉េរិក និងចិន ក៏បានពិភាក្សាអំពីបញ្ហានៅអ៊ីរ៉ង់ សង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ម៉ាស៊ីនយន្តហោះ ប្រេង និងឧស្ម័នផងដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត