ខ្មា.ន់.កាំ.ភ្លើងម្នាក់ត្រូវកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត ពីបទប៉ុនប៉ងធ្វើឃា.តលោក ដូណាល់ ត្រាំ
ហៀប ស៊ីថេត
3 ម៉ោងមុន

រដ្ឋធានីវ៉ាស៊ីនតោន៖ ចៅក្រមបានកាត់ទោស លោក រីយ៉ាន រួត (Mr.Ryan Routh) ឱ្យជាប់ពន្ធនាគារអស់មួយជីវិត ពីបទរៀបចំផែនការធ្វើឃាតលោក ដូណាល់ ត្រាំ កាលពី[ពីរ]ខែមុន នៃការបោះឆ្នោតប្រធានាធិបតីអាម៉េរិក ឆ្នាំ២០២៤...។

លោក រួត មានវ័យ៥៩ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទលាក់ខ្លួនក្នុងគុម្ពោតព្រៃរយៈពេលជិត១០ម៉ោងជាមួយកាំភ្លើងប្រភេទ AK-47 មួយដើម នៅទីលានវាយកូនហ្គោលរដ្ឋផ្លរីដា ជាកន្លែងដែលលោក ត្រាំ កំពុងលេងវាយកូនហ្គោល។ ចៅក្រមសហរដ្ឋអាម៉េរិក បានអះអាងនៅក្នុងសេចក្តីសម្រេចកាលពីថ្ងៃពុធទី៤ ខែកុម្ភៈថា លោក រួត បានចូលរួមក្នុងផែនការគិតទុកជាមុន លើការប៉ុនប៉ងធ្វើឃាតលោក ដូណាល់ ត្រាំ។ មេធាវីរបស់លោក រួត បានស្នើសុំឱ្យចៅក្រមកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល២៧ឆ្នាំ ប៉ុន្តែរដ្ឋអាជ្ញាចាត់ទុកបទឧក្រិដ្ឋនេះ​ មានគោលបំណងបំផ្លាញលទ្ធិប្រជាធិបតេយ្យអាម៉េរិក និងប៉ុនប៉ងមនុស្សឃាតដោយចេតនា រួចក៏បានកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត។

លោក រីយ៉ាន រួត ត្រូវបានគេចោទប្រកាន់ពីបទប៉ុនប៉ងធ្វើឃាតលោក ត្រាំ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ នៅឯក្លឹបវាយកូនហ្គោល Trump International Golf Club ក្នុងទីក្រុង West Palm Beach នៃរដ្ឋផ្លរីដា។ គេនៅចាំបានថា ហេតុការណ៍នេះ កើតឡើងប្រហែល២ខែ បន្ទាប់ពីលោក ត្រាំ បានរួចផុតពីការប៉ុនប៉ងធ្វើឃាតដ៏ធ្ងន់ធ្ងរនៅឯរដ្ឋផេនស៊ីលវ៉ានៀ នៅពេលគ្រាប់កាំភ្លើងមួយគ្រាប់បានហោះចេញពីកាណុងកាំភ្លើងឃាតក ទម្លុះស្លឹកត្រចៀករបស់លោក ត្រាំ។ គួរបញ្ជាក់ថា ឧប្បត្តិហេតុទាំង២នេះ​ បង្ហាញពីបញ្ហាប្រឈមនៃសុវត្ថិភាពរបស់បេក្ខជនប្រធានាធិបតី នៅក្នុងយុទ្ធនាការប្រកួតប្រជែងដ៏ក្ដៅគគុកក្នុងការបោះឆ្នោត កាលពីថ្ងៃទី៥ ខែវិច្ឆិកា ប៉ុន្តែដោយសារតែសម្ពាយបុណ្យខ្ពស់ លោក ដូណាល់ ត្រាំ បានរួចជីវិត និងជាប់ឆ្នោតក្លាយជាប្រធានាធិបតីអាម៉េរិក ដើម្បីបោះជំហានចូលជាន់សេតវិមានកាច់ចង្កូតនាវាអាម៉េរិកសាជាថ្មី និងបានធ្វើឱ្យពិភពលោកក្រឡាប់ចក្រកាន់តែខ្លាំង៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត