
រដ្ឋធានីការ៉ាកាស៖ ភាពតានតឹងបានផ្ទុះឡើងជាថ្មីនៅទូទាំងរដ្ឋធានីការ៉ាកាស ប្រទេសវេណេស៊ុយអេឡា កាលពីថ្ងៃទី៣ខែកុម្ភៈ ខណៈបាតុកររាប់ពាន់នាក់ ក្នុងនោះ ភាគច្រើនបំផុតជាមន្រ្តី និងជាអ្នកគាំទ្រគណបក្សកាន់អំណាច បានរួមគ្នាធ្វើមហាយាត្រា (Gran Marcha) ដើម្បីរំលឹកខួប១ខែពេញ នៃប្រតិបត្តិការយោធាអាម៉េរិក ដែលបានចូលមកចាប់ខ្លួនប្រធានាធិបតី លោក នីកូឡាស ម៉ាឌូរូ និងភរិយា។

បាតុករទាំងនោះ បានស្លៀកពាក់អាវពណ៌ក្រហម និងកាន់រូបថតមេដឹកនាំរបស់ពួកគេ ព្រមទាំងស្រែកខ្លាំងៗថា ៖«វេណេស៊ុយអេឡា ត្រូវការនីកូឡាស!»។ នៅក្នុងបាតុកម្មដ៏ធំនេះ លោក នីកូឡាស ម៉ាឌូរ៉ូ ហ្គេរ៉ា (Nicolas Maduro Guerra) ដែលជាកូនប្រុសរបស់លោក ម៉ាឌូរ៉ូ បានថ្លែងទៅកាន់ហ្វូងមនុស្សថា ការចាប់ខ្លួនឪពុករបស់លោកដោយកងទ័ពបរទេស គឺជាស្នាមរបួសដែលមិនអាចលុបលាងបានលើទឹកដីវេណេស៊ុយអេឡា។ បាតុករជាច្រើនបានកាន់បដាដែលមានខ្លឹមសាររិះគន់អាម៉េរិកថាជា «ចក្រពត្តិនិយមដែលមកចាប់ជំរិតមេដឹកនាំស្របច្បាប់» ខណៈដែលបណ្ដាញសារព័ត៌មានជាតិបានចាត់ទុកសកម្មភាពរបស់អាម៉េរិកថា ជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ និងអធិបតេយ្យភាពជាតិ។

ខណៈលោក ម៉ាឌូរ៉ូ កំពុងត្រូវបានឃុំខ្លួនក្នុងពន្ធនាគារនៅអាម៉េរិក ប្រធានាធិបតីស្ដីទី លោកស្រី ដេលស៊ី រ៉ូឌ្រីហ្គេស នាពេលបច្ចុប្បន្ននេះ ត្រូវគេមើលឃើញថា កំពុងព្យាយាមដើរលើខ្សែបន្ទាត់ដ៏គ្រោះថ្នាក់មួយ រវាងការរក្សាការគាំទ្រពីអ្នកស្មោះស្ម័គ្រនឹងលោក ម៉ាឌូរ៉ូ និងការធ្វើសម្បទានតាមការទាមទាររបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ។ លោក ត្រាំ បានប្រកាសជាចំហថា លោកនឹងសហការជាមួយរដ្ឋាភិបាលថ្មី លុះត្រាតែវេណេស៊ុយអេឡាព្រមប្រគល់សិទ្ធិគ្រប់គ្រងលើប្រភពប្រេងដ៏មហាសាលរបស់ខ្លួនឱ្យទៅអាម៉េរិក។ ទន្ទឹមនឹងនេះ ក៏មានចលនាបាតុកម្មមួយទៀតពីសំណាក់និស្សិត និងសាច់ញាតិអ្នកទោសនយោបាយ ដែលទាមទារឱ្យមានការអនុម័តច្បាប់លើកលែងទោសជាបន្ទាន់ ដើម្បីបន្ធូរបន្ថយភាពតានតឹងក្នុងសង្គមដែលបានអូសបន្លាយអស់រយៈពេលមួយខែមកនេះ។ ចាប់តាំងពីលោក ម៉ាឌូរ៉ូ ត្រូវចាប់ខ្លួនមក អ្នកទោសនយោបាយជាង៦០០នាក់ហើយ ដែលត្រូវបានដោះលែង៕




