
រដ្ឋធានីប៉េកាំង៖ ពិភពលោកកំពុងបើកភ្នែកធំៗ សម្លឹងមើលរដ្ឋធានីប៉េកាំងមិនដាក់ភ្នែក បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានទម្លាយចេញនូវគម្រោង «Luanniao» ដែលត្រូវបានគេដាក់ឈ្មោះថា ជាយានផ្ទុកយន្តហោះអវកាសធំជាងគេបំផុតរបស់ពិភពលោក ហើយត្រៀមនឹងក្លាយជាបិសាចដែនអាកាស ដែលគ្មានគូប្រៀបក្នុងពេលអនាគត។

យានផ្ទុកយន្តហោះអវកាសនេះ ត្រូវបានគេពណ៌នាថា មានរាងត្រីកោណពណ៌ប្រផេះដ៏ធំសម្បើម មានប្រវែង២៤២ម៉ែត្រ និងទទឹង៦៨៤ម៉ែត្រ ជាមួយនឹងសមត្ថភាពផ្ទុកទម្ងន់ហោះឡើងលើអាកាសបានរហូតដល់១២ម៉ឺនតោន។ រូបរាងរបស់វា ត្រូវបានគេប្រៀបធៀបទៅនឹងយានអវកាសនៅក្នុងខ្សែភាពយន្ត Star Wars។ យាននេះ ត្រូវបានរចនាឡើងដើម្បីហោះហើរធ្វើដំណើរសំគាំងលើអកាសា ពោលគឺហោះនៅលើប្រព័ន្ធការពារដែនអាកាសណាៗទាំងអស់ក្នុងលោក ហើយវាត្រូវបានគេរំពឹងថា នឹងអាចដាក់ពង្រាយបានជាក់ស្តែងក្នុងរយៈពេល២០ទៅ៣០ឆ្នាំខាងមុខ ក្នុងគោលបំណងជំរុញអំណាចអវកាសរបស់ប្រទេសចិនឱ្យកាន់តែខ្លាំងក្លា។ នៅក្នុងចំណុចកណ្តាលនៃយាន Luanniao គឺបម្រើជាទីលានហោះហើរសម្រាប់យន្តហោះចម្បាំងបំបាំងកាយគ្មានមនុស្សបើក Xuan Nu ចំនួន៨៨គ្រឿង។ យន្តហោះចម្បាំងបំបាំងកាយគ្មានមនុស្សបើកនេះ ត្រូវបានពិពណ៌នាថា មានភាពបត់បែនខ្ពស់ និងមានសមត្ថភាពផ្ទុកមីស៊ីលល្បឿនលឿនជាងសំឡេងបានថែមទៀតផង។

ប្រសិនបើផលិតបានជោគជ័យ នោះសមត្ថភាពនេះ នឹងអនុញ្ញាតឱ្យប្រទេសចិនដាក់ពង្រាយយាននេះ ដោយផ្ទាល់នៅលើគោលដៅទាំងអស់ក្នុងពិភពលោក ជាពិសេសនៅចំណុចសំខាន់ៗជាយុទ្ធសាស្ត្រដូចជាកោះតៃវ៉ាន់ និងសមុទ្ទចិនខាងត្បូង។ នេះមានន័យថា យានកំណាច Luanniao មិនខុសពីស្តេចឥន្រ្ទីសម្លឹងមើលចំណីពីលើអាកាសនោះទេ។ អ្នកជំនាញការពារជាតិបានលើកឡើងថា ប្រសិនបើសាងសង់បានជោគជ័យ យាននេះ នឹងស្ថិតនៅហួសពីសមត្ថភាពរបស់មីស៊ីលបាញ់ពីលើដីទៅអាកាសស្ទើរតែទាំងអស់ ពីព្រោះវានឹងដំណើរការនៅខាងក្រៅដែនកំណត់នៃអាកាសធាតុ និងប្រព័ន្ធការពារជាតិភាគច្រើន ដែលមានស្រាប់។

គួរបញ្ជាក់ថា Luanniao គឺជាបិសាចលើមេឃ ដែលអាចផ្លាស់ប្ដូរនិយមន័យនៃសង្រ្គាមលោកនាពេលអនាគត។ ប្រសិនបើចិន ផលិតបានជោគជ័យ នោះមានន័យថា អំណាចដែនអាកាសដែលអាម៉េរិកកាន់កាប់រាប់សិបឆ្នាំ អាចនឹងត្រូវដួលរលំភ្លាមៗ៕



