
រាជធានីភ្នំពេញ៖ ក្រសួងការពារជាតិកម្ពុជា ប្រកាសច្រានចោលការចោទប្រកាន់របស់បណ្តាញសារព័ត៌មានថៃមួយចំនួន ដោយអះអាងថា មិនមានករណីបាញ់គ្រាប់បែក ធ្លាក់នៅក្បែរមូលដ្ឋានទាហាន Phlan Hin Pet Kon របស់ភាគីថៃឡើយ។ នេះបើតាមការឱ្យដឹងពីលោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នារសៀលថ្ងៃព្រហស្បតិ៍ទី៥កុម្ភៈ ឆ្នាំ២០២៦។

ការអះអាងបែបនេះធ្វើឡើង ក្រោយមានបណ្តាញសារព័ត៌មានថៃមួយចំនួន ផ្សព្វផ្សាយថា៖«បន្ទាន់! កងទ័ពភូមិភាគទី២ បានរកឃើញថា ភាគីម្ខាងទៀតបានបាញ់គ្រាប់បែក ៤០មីលីម៉ែត្រ ធ្លាក់នៅក្បែរមូលដ្ឋានទាហាន Phlan Hin Pet Kon»។ លោកស្រី ម៉ាលី សុជាតា ចាត់ទុកការចុះផ្សាយខាងលើ ជាព័ត៌មានប្រឌិត ក្លែងក្លាយ ផ្ទុយពីការពិតទាំងស្រុង ក្នុងគោលបំណងបំភាន់ដល់សាធារណមតិ និងធ្វើឱ្យស្ថានការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ មានភាពតានតឹង។ លោកស្រីគូសបញ្ជាក់ថា៖«យោងតាមព័ត៌មានដែលទទួលបានពីយោធភូមិភាគទី៤ នៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ថា ក្រុមទំនាក់ទំនងរបស់យោធភូមិភាគទី៤របស់កម្ពុជា និងកងទ័ពភូមិភាគទី២របស់ថៃ បានទាក់ទងសាកសួរ និងផ្តល់ព័ត៌មានគ្នា ដើម្បីបញ្ជាក់ការពិតរួចហើយ គឺមិនមានស្ថានការណ៍កើតឡើងដូចការចុះផ្សាយរបស់បណ្តាញសារព័ត៌មានថៃនោះទេ»។

ក្រសួងសង្កត់ធ្ងន់ថា កម្ពុជាប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ច្បាស់លាស់ ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ ខ្ជាប់ខ្ជួន និងប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត ចំពោះសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC), សេចក្តីថ្លែងការណ៍រួម ស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ជាពិសេស ការប្រឆាំងទៅនឹងព័ត៌មានក្លែងក្លាយ ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព និងសុវត្ថិភាពយូរអង្វែងនៅតាមបណ្តោយព្រំដែន។ លោកស្រី ក៏អំពាវនាវដល់សាធារណជន និងអ្នកសារព័ត៌មានទាំងអស់ សូមកុំចែករំលែកព័ត៌មានក្លែងក្លាយ ដែលបានផ្សព្វផ្សាយដោយសារព័ត៌មានថៃខាងលើ ហើយងាកមកតាមដាន និងទទួលយកតែព័ត៌មាន ដែលមានប្រភពច្បាស់លាស់ ត្រឹមត្រូវវិញ៕



