តារាកំប្លែងរុស្ស៊ីម្នាក់ត្រូវកាត់ទោសឱ្យជាប់ពន្ធនាគារជិត៦ឆ្នាំ ក្រោយលេងសើចប៉ះពាល់ដល់អតីតយុទ្ធជនពិការ
N
Nary Vann
2 ថ្ងៃមុន

រដ្ឋធានីម៉ូស្គូ៖ តុលាការរុស្ស៊ីកាលពីថ្ងៃទី៤ខែកុម្ភៈ បានសម្រេចកាត់ទោសតារាកំប្លែងម្នាក់ឱ្យជាប់ពន្ធនាគាររយៈពេល៥ឆ្នាំ និង៩ខែ នៅក្នុងមណ្ឌលកែប្រែ បន្ទាប់ពីលោកបាននិយាយរឿងកំប្លែងមួយ ដែលត្រូវបានគេចាត់ទុកថា​ជាការប្រមាថដល់អតីតយុទ្ធជនដែលបាត់បង់ជើងក្នុងសង្គ្រាម។ នេះគឺជាករណីចុងក្រោយបង្អស់នៃយុទ្ធនាការបង្ក្រាបយ៉ាងចាស់ដៃរបស់រដ្ឋាភិបាល ទៅលើបុគ្គលទាំងហ្លាយណាដែលហ៊ានរិះគន់ ឬចោទសួរអំពីសង្គ្រាមនៅអ៊ុយក្រែន...។

លោក Artemy Ostanin
លោក Artemy Ostanin

តារាកំប្លែងរូបនេះមានឈ្មោះថា អាត់តេមៀ អូស្តេនីន (Mr.Artemy Ostanin) វ័យ២៩ឆ្នាំ បានរងការចោទប្រកាន់បន្ទាប់ពីលោកបាននិយាយរឿងកំប្លែងនៅលើឆាកកាលពីឆ្នាំមុន អំពីការជួបជាមួយអតីតទាហានពិការម្នាក់នៅក្នុងរថភ្លើងក្រោមដី ដោយលោកបានហៅបុគ្គលនោះថា «អ្នកជិះស្គីគ្មានជើង» (Legless Skater)។ ទោះបីជាលោក អូស្តេនីន បដិសេធថា រឿងកំប្លែងនោះមិនមែនសំដៅលើយុទ្ធជននៃ «ប្រតិបត្តិការយោធាពិសេស» (ឈ្មោះដែលរុស្ស៊ីប្រើសម្រាប់សង្គ្រាមឈ្លានពានអ៊ុយក្រែន) ក៏ដោយ ប៉ុន្តែក្រុមអ្នកគាំទ្រវិមានក្រឹមឡាំង បានចែកចាយវីដេអូនោះពេញបណ្ដាញសង្គម និងទាមទារឱ្យមានការដាក់ទោសរូបលោកយ៉ាងធ្ងន់ធ្ងរ។

ក្រៅពីបទចោទប្រកាន់ពាក់ព័ន្ធនឹងយោធា ចៅក្រម អូឡេស្យា មិនដេឡាយ៉េវ៉ា (Olesya Mendeleyeva) ក៏បានរកឃើញថា លោក អូស្តេនីន មានទោសពីបទញុះញង់ឱ្យមានការស្អប់ខ្ពើម និងប្រមាថជំនឿសាសនា តាមរយៈរឿងកំប្លែងមួយផ្សេងទៀត ដែលនិយាយអំពីព្រះយេស៊ូផងដែរ។ នៅក្នុងសេចក្តីថ្លែងការណ៍ចុងក្រោយមុនការកាត់ទោស លោក អូស្តេនីន បានលើកឡើងថា៖«ខ្ញុំសង្ឃឹមថា គ្មាននរណាម្នាក់នឹងធ្លាក់ក្នុងស្ថានភាពនៃការរំលោភបំពានច្បាប់ដ៏សាហាវឃោរឃៅ ដូចរូបខ្ញុំនៅពេលនេះឡើយ»

គួរកត់សម្គាល់ថា ចៅក្រម មិនដេឡាយ៉េវ៉ា ដែលជាអ្នកកាត់ក្ដីក្នុងករណីនេះ ក៏ធ្លាប់ត្រូវបានក្រសួងរតនាគារសហរដ្ឋអាម៉េរិក ដាក់ទណ្ឌកម្មកាលពីខែធ្នូ ឆ្នាំ២០២៤ផងដែរ ចំពោះតួនាទីរបស់លោកស្រី ក្នុងការកាត់ទោសឃុំខ្លួនសកម្មជនសិទ្ធិមនុស្ស និងមន្ត្រីក្នុងតំបន់ ដែលបានចេញមុខប្រឆាំងនឹងសង្គ្រាម។ ចាប់តាំងពីសង្គ្រាមនៅអ៊ុយក្រែនបានផ្ទុះឡើងក្នុងឆ្នាំ២០២២ រុស្ស៊ីបានបង្កើនការរឹតត្បិតសេរីភាពបញ្ចេញមតិយ៉ាងខ្លាំង ដោយសូម្បីតែសិល្បករ តន្ត្រីករ និងគ្រូពេទ្យ ក៏ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេលវែង ចំពោះការបញ្ចេញមតិមិនស្របតាមគោលការណ៍របស់រដ្ឋាភិបាល៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត