«ប្រាសាទ​ក្រវ៉ាន់» មាន​ទ្រង់ទ្រាយ​តូច ​តែ​ចម្លាក់នៅ​លើ​ជញ្ជាំង​មានតែមួយគ្មានពីរ
S
Sreyleak Yith
16 ម៉ោងមុន

ក្រុងសៀមរាប៖ ប្រាសាទ​ក្រវ៉ាន់ ស្ថិតក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុងសៀមរាប នៅចន្លោះលើដងផ្លូវពីអង្គរវត្ត​ ​ស្រះស្រង់ និងប្រាសាទបន្ទាយក្ដី។ ប្រាសាទនេះ មាន​តួ​ប៉ម​ចំនួន​​៥​សាងសង់​​ពី​ឥដ្ឋ​ ដែលជា​គំរូ​ប្រាសាទឥដ្ឋតែមួយគត់នៅប្រទេសកម្ពុជា។ បើទោះបីមាន​ទ្រង់ទ្រាយ​តូចក៏ពិតមែន​ តែបើមើលពី​ចម្លាក់​បដិមានៅ​លើ​ជញ្ជាំង​ឥដ្ឋវិញ គឺ​ មានតែមួយគ្មានពីរទេ។ ​ នេះបើតាមការបញ្ជាក់ឱ្យដឹងពីអាជ្ញាធរជាតិអប្សរា នៅព្រឹកថ្ងៃទី៥កុម្ភៈ…។

អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ​តួ​ប៉ម​ទាំង​ប្រាំ​របស់​ប្រាសាទ​ ​ បែរ​មុខ​ទៅ​ទិស​ខាង​កើត តាមខ្លោង​ទ្វារ​មួយ​បើក​ចំហ ​និងទិសបីទៀតមាន​​ទ្វារ​បញ្ឆោត ​សសរ​ និង​ផ្តែរ​ធ្វើ​អំពី​ថ្មភក់។ ក្នុងចំណោមតួទាំងប្រាំនេះ មានតែតួកណ្តាល និងតួជាប់ខាងជើងទេ ដែលមានចម្លាក់បដិមាលើជញ្ជាំងផ្ទៃខាងក្នុង រីឯជញ្ជាំងលើតួដទៃទៀត ទំនងជាពុំទាន់បានឆ្លាក់រចនាសម្រេច។ ​ នៅ​តាម​ជញ្ជាំងទាំងបីនៃតួកណ្តាល ​មាន​ក្បាច់​ចម្លាក់​រឿង​ព្រះនារាយណ៍ (វិស្ណុ) សំខាន់ៗ ដូចជា៖ ត្រីវិក្រម (អវតាជា​ព្រាហ្ម​តឿ), ព្រះនារាយណ៍ដៃប្រាំបី មានរូបក្រពើនៅពីលើ និងចម្លាក់ព្រះនារាយណ៍គង់លើយានជំនិះគ្រុឌ។ លើសពីរូបចម្លាក់ ក៏មានរូបគំនូរត្របកផ្កាឈូកសំយុងចុះក្រោមមួយជួរ ព័ទ្ធជុំវិញផ្នែកខាងលើជាប់ពិដាន តែសព្វថ្ងៃរលុបស្ទើរអស់ហើយ។

ចំណែកឯនៅលើជញ្ជាំងក្នុងតួខាងជើង បង្ហាញពីចម្លាក់រឿងព្រះជាយាព្រះនារាយណ៍ គឺព្រះ​នាង​លក្ស្មី ហើយលើជញ្ជាំងខាងត្បូង ក៏មានបង្ហាញព្រះនាងលក្ស្មី អមដោយអ្នកហែហមពីររូបអង្គុយសងខាងដែរ។ អាជ្ញាធរជាតិអប្សរា បន្ថែមថា ប្រាសាទ​ក្រវ៉ាន់​ កសាងនៅឆ្នាំ៩២១ ក្នុងរាជព្រះបាទហស៌វរ្ម័នទី១ ដើម្បី​ឧទ្ទិស​ដល់ព្រះវិស្ណុ (ព្រះនារាយណ៍) ក្នុងព្រហ្មញ្ញសាសនា។ សូមជម្រាបថា កាលពីឆ្នាំ២០១៧ ចម្លាក់តោថ្មមួយនៅប្រាសាទក្រវ៉ាន់ មានសភាពទ្រុឌទ្រោមដោយបែកបាក់រូបរាងជាកំណាត់តូច-ធំ ត្រូវបានក្រុមអ្នកជំនាញអភិរក្សថ្ម នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា ធ្វើការជួសជុល។ ក្រុមការងារបានប្រើបច្ចេកទេសជួសជុល សមស្របទៅតាមបទដ្ឋានដែលអាចធានាបាននូវលក្ខណៈដើម និងសុវត្ថិភាពយូរអង្វែង។  

ចំពោះបច្ចេកទេស និងការជួសជុល ត្រូវបានទទួលស្គាល់ដោយអ្នកជំនាញការអាដហុក របស់គណៈកម្មការអាយស៊ីស៊ី-អង្គរ។ សម្រាប់ពេលវេលាក្នុងការជួសជុលចាយពេលអស់មួយឆ្នាំ ពោលគឺចាប់ពីខែឧសភា ឆ្នាំ២០១៧ ដល់ខែមីនា ឆ្នាំ២០១៨។ ចម្លាក់តោថ្មនេះ កាលពីសម័យបារាំង ត្រូវបានអ្នកជំនាញបារាំងជួសជុលម្ដងរួចហើយ តែការជួសជុលនោះគ្រាន់តែយកស៊ីម៉ង់ត៍ និងដែក មកបិទភ្ជាប់ឱ្យមានលំនឹងអាចឈរបានប៉ុណ្ណោះ ប៉ុន្តែក្រោយមកវាក៏បានបែកបាក់ជាបន្តបន្ទាប់តាមអាយុកាលស៊ីម៉ងត៍៕


អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត