ប្រមុខអង្គការសហប្រជាជាតិ ចាត់ទុកការផុតកំណត់នៃសន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរ New START ជាមាត់ជ្រោះមរណៈនៃពិភពលោក
ហៀប ស៊ីថេត
05 កុម្ភៈ 2026 05:45 AM

អ.ស.ប៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គូតេរ៉ែស (Mr.Antonio Guterres) កាលពីថ្ងៃពុធទី៤កុម្ភៈ បានចាត់ទុកការផុតកំណត់នៃសន្ធិសញ្ញានុយក្លេអ៊ែរ New START កំពុងតែដាក់សម្ពាធលើសន្តិភាព និងសន្តិសុខអន្តរជាតិ ដែលកំពុងដឹកដៃពិភពលោកឆ្ពោះទៅរកមាត់ជ្រោះមរណៈ ខណៈមេអង្គការសហប្រជាជាតិរូបនេះ ជំរុញឱ្យរុស្ស៊ី និងសហរដ្ឋអាម៉េរិកចរចាក្របខណ្ឌគ្រប់គ្រងអាវុធនុយក្លេអ៊ែរថ្មីជាបន្ទាន់...។

លោក អង់តូនីញ៉ូ ហ្គូតេរ៉ែស
លោក អង់តូនីញ៉ូ ហ្គូតេរ៉ែស

ការផុតកំណត់នៃសន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរ New START កំពុងធ្វើឱ្យពិភពលោក ស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ខ្លាំង ព្រោះថា ស្តេចនុយក្លេអ៊ែរទាំង២ អាចដាក់ពង្រាយចំនួនក្បាលគ្រាប់នុយក្លេអ៊ែរយុទ្ធសាស្ត្រកាន់តែច្រើនឡើង រួមទាំងការដាក់ពង្រាយមីស៊ីល យន្តហោះទម្លាក់គ្រាប់បែក និងនាវាមុជទឹកជាដើម។ ជុំវិញការអស់សុពលភាពនៃសន្ធិសញ្ញានេះ លោក ហ្គូតេរ៉ែស បានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ជាលើកដំបូងក្នុងរយៈពេលជាងកន្លះសតវត្សរ៍ យើងកំពុងប្រឈមមុខនឹងពិភពលោកមួយ ដែលគ្មានការរឹតត្បិតតាមផ្លូវច្បាប់ណាមួយ ទៅលើឃ្លាំងអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់សហព័ន្ធរុស្ស៊ី និងសហរដ្ឋអាម៉េរិកឡើយ។ រដ្ឋទាំង២ មានស្តុកអាវុធនុយក្លេអ៊ែរច្រើនលើសលប់នៅទូទាំងពិភពលោក។ ហានិភ័យនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរ គឺខ្ពស់បំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍»។

«ខ្ញុំសូមអំពាវនាវដល់រដ្ឋទាំង២ ឱ្យវិលត្រឡប់ចូលតុចរចាវិញដោយមិនបង្អង់យូរ ហើយយល់ព្រមលើក្របខណ្ឌស្តារឡើងវិញ នូវដែនកំណត់ដែលអាចផ្ទៀងផ្ទាត់បាន កាត់បន្ថយហានិភ័យ និងពង្រឹងសន្តិសុខរួមរបស់យើង» នេះជាសម្តីលើកឡើងទាំងក្តីព្រួយបារម្ភរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ។ យ៉ាងណា រុស្ស៊ី​បាន​អះអាង​ថា រដ្ឋធានីមូស្គូ បើកចំហ​ចំពោះ​ការ​ចរចា​សន្តិសុខ ប៉ុន្តែ​នឹង​ប្រឆាំង​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​ការ​គំរាមកំហែង​ថ្មី​ណាមួយ។ គួរបញ្ជាក់ថា សហរដ្ឋអាម៉េរិក​មិន​បាន​ឆ្លើយតប​នឹង​សំណើ​របស់​ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ដើម្បី​បន្ត​គោរពសន្ធិសញ្ញានេះ​​រយៈពេល១២ខែ​តទៀត​នោះទេ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត