អង្គការសហប្រជាជាតិ ជិតដល់ថ្ងៃអវសានផ្នែកហិរញ្ញវត្ថុ ខណៈអាម៉េរិកបិទរំហូរសាច់ប្រាក់រាប់ពាន់លានដុល្លារ
N
Nary Vann
2 ម៉ោងមុន

រដ្ឋធានីវ៉ាស៊ីនតោន៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គូទែរ៉េស បានផ្ញើលិខិតព្រមានជាបន្ទាន់មួយទៅកាន់ប្រទេសជាសមាជិកទាំងអស់ ដោយលើកឡើងថា ស្ថាប័នពិភពលោកមួយនេះកំពុងស្ថិតក្នុងហានិភ័យនៃការដួលរលំផ្នែកហិរញ្ញវត្ថុ ក្នុងពេលឆាប់ៗខាងមុខ...។

លោក អង់តូនីញ៉ូ ហ្គូទែរ៉េស
លោក អង់តូនីញ៉ូ ហ្គូទែរ៉េស

ការព្រមាននេះ បានរំលេចពីវិបត្តិសាច់ប្រាក់ដ៏អាក្រក់បំផុត ដែលអាចធ្វើឱ្យអង្គការសហប្រជាជាតិអស់ថវិកាប្រើប្រាស់នៅត្រឹមខែកក្កដាខាងមុខ ប្រសិនបើគ្មានវិធានការដោះស្រាយបន្ទាន់។​ មូលហេតុចម្បងនៃវិបត្តិនេះ គឺការយឺតយ៉ាវ និងការបដិសេធមិនបង់វិភាគទានពីសំណាក់ប្រទេសសមាជិកមួយចំនួន ជាពិសេស សហរដ្ឋអាម៉េរិក។ ក្រោមរដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ រដ្ឋធានីវ៉ាស៊ីនតោន បានកាត់បន្ថយជំនួយយ៉ាងសន្ធឹកសន្ធាប់ និងបានផ្អាកការបង់ប្រាក់កាតព្វកិច្ចសម្រាប់កញ្ចប់ថវិកាទូទៅ និងប្រតិបត្តិការរក្សាសន្តិភាព។ គិតមកទល់ពេលនេះ សហរដ្ឋអាម៉េរិកជំពាក់បំណុលអង្គការសហប្រជាជាតិសរុបជាង៤,៦ពាន់លានដុល្លារ រួមមាន៖ ថវិកាធម្មតា បេសកកម្មរក្សាសន្តិភាពបច្ចុប្បន្ន និងអតីតកាល។ លោក ត្រាំ ធ្លាប់បានលើកឡើងថា អង្គការសហប្រជាជាតិ មិនបានបំពេញបេសកកម្មរបស់ខ្លួនឱ្យបានត្រឹមត្រូវតាមសក្តានុពលដែលមាននោះទេ។

ក្រៅពីបញ្ហាបំណុល លោក ហ្គូតេរ៉ែស ក៏បានរិះគន់ច្បាប់ថវិកាដ៏ហួសសម័យ ដែលលោកប្រៀបប្រដូចទៅនឹងវដ្តការិយាធិបតេយ្យបែបជិះជាន់។ ច្បាប់នេះ តម្រូវឱ្យអង្គការសហប្រជាជាតិ ត្រូវសងប្រាក់ដែលនៅសល់ពីការប្រើប្រាស់ទៅឱ្យប្រទេសសមាជិកវិញជារៀងរាល់ឆ្នាំ ដែលវាជាប្រព័ន្ធបង្ខំឱ្យស្ថាប័ននេះ សងប្រាក់ទាំងដែលខ្លួនកំពុងខ្វះខាតសាច់ប្រាក់ទៅហើយនោះ។ ទោះបីជាមានការខិតខំកាត់បន្ថយចំណាយ៧ភាគរយ សម្រាប់កញ្ចប់ថវិកាឆ្នាំ២០២៦ក៏ដោយ ក៏កង្វះខាតសាច់ប្រាក់កប់ពពកកាលពីចុងឆ្នាំ២០២៥ នៅតែជាសម្ពាធដ៏ធំដែលគំរាមកំហែងដល់ការផ្ដល់ជំនួយមនុស្សធម៌ និងប្រតិបត្តិការរក្សាសន្តិសុខទូទាំងសកលលោក៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត