
រដ្ឋធានីវ៉ាស៊ីនតោន៖ ភាពតានតឹងរវាងសហរដ្ឋអាម៉េរិក និងអុីរ៉ង់ បានឈានដល់កម្រិតកំពូល នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំ UN លោក មៃល៍ វែល Mike Waltz បានថ្លែងយ៉ាងម៉ឺងម៉ាត់ថា ប្រធានាធិបតី ដូណាល់ ត្រាំ បានត្រៀមលក្ខណៈរួចរាល់នូវរាល់ជម្រើសទាំងអស់ រួមទាំងវិធានការយោធាផងដែរ ដើម្បីបញ្ឈប់ការបង្ហូរឈាម និងការបង្ក្រាបយ៉ាងសាហាវលើក្រុមបាតុករនៅអុីរ៉ង់...។

លោក មៃល៍ វែល បានប្រាប់កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខថា៖«លោកប្រធានាធិបតី ត្រាំ ជាមនុស្សនិយាយពិត ធ្វើពិត មិនមែនបានតែនិយាយមិនចេះចប់មិនចេះហើយ ដូចអ្វីដែលយើងឃើញនៅអង្គការសហប្រជាជាតិនេះទេ។ លោកបញ្ជាក់ច្បាស់ថា យើងមានគ្រប់ជម្រើសទាំងអស់ ដើម្បីបញ្ឈប់ការសម្លាប់រង្គាលនេះ»។ លោកក៏បានពោលបន្ថែមផងដែរថា៖«ពិភពលោកត្រូវដឹងថា របបដឹកនាំមួយនេះកំពុងទន់ខ្សោយជាងពេលណាៗទាំងអស់..ពួកគេកំពុងតែភ័យខ្លាច! ពួកគេខ្លាចសូម្បីតែប្រជាជនខ្លួនឯង»។

ជាការឆ្លើយតប អនុឯកអគ្គរដ្ឋទូតអុីរ៉ង់ លោក ហ្គោឡាំហូសេន ដាហ្ស៊ី (Gholamhossein Darzi) បានបដិសេធការចោទប្រកាន់នេះ និងហៅវាថា ជាយុទ្ធនាការផ្តល់ព័ត៌មានមិនពិត ដើម្បីបិទបាំងការលូកដៃរបស់អាម៉េរិកក្នុងកិច្ចការផ្ទៃក្នុងអុីរ៉ង់។ លោកបានព្រមានថា រាល់ការឈ្លានពានណាមួយ មិនថា ដោយផ្ទាល់ ឬដោយប្រយោល នឹងត្រូវជួបការតបតវិញយ៉ាងដាច់អហង្កា និងស្របតាមច្បាប់។ ស្របពេលជាមួយគ្នា ឯកអគ្គរដ្ឋទូតរុស្ស៊ី លោក វ៉ាស៊ីលី ណេបេនហ្សៀ (Vassily Nebenzia) ក៏បានរិះគន់អាម៉េរិកយ៉ាងខ្លាំងដែរថា កំពុងព្យាយាមប្រើប្រាស់អង្គការសហប្រជាជាតិធ្វើជាលេស ក្នុងការប្រើកម្លាំងបាយផ្ដួលរំលំរដ្ឋាភិបាលអុីរ៉ង់ ដែលលោកចាត់ទុកថា ជាទង្វើខុសច្បាប់ និងគ្រោះថ្នាក់បំផុត។

ទោះបីមានការប្រើពាក្យសម្តីឌឺដងដាក់គ្នាខ្លាំងៗក៏ដោយ ប៉ុន្តែ លោក ដូណាល់ ត្រាំ ហាក់កំពុងរក្សាឥរិយាបថរង់ចាំមើលស្ថានភាពជាក់ស្តែងសិន បន្ទាប់ពីលោកទទួលបានព័ត៌មានថា ការសម្លាប់រង្គាលហាក់មានសភាពអន់ថយមកវិញខ្លះៗ។ ចំណែកឯ អគ្គលេខាធិការអង្គការសហប្រជាជាតិ បានអំពាវនាវឱ្យគ្រប់ភាគីទាំងអស់ រក្សាការអត់ធ្មត់ជាអតិបរមា ដើម្បីបញ្ចៀសការផ្ទុះសង្គ្រាមទ្រង់ទ្រាយធំ នៅក្នុងតំបន់មជ្ឈិមបូព៌ាទាំងមូល។ ដោយឡែក ប្រទេសដាណឺម៉ាក ក៏បានជំរុញឱ្យរដ្ឋាភិបាលអ៊ីរ៉ង់ ឈប់ប្រើហិង្សា ហើយងាកមកស្ដាប់តាមការចង់បានរបស់ប្រជាជនខ្លួន ដោយសន្តិវិធីវិញ៕



