
អ.ស.ប៖ បន្ទាប់ពីរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសដកខ្លួនចេញពីស្ថាប័នអន្តរជាតិជាង៦០ រួមមានទាំងទីភ្នាក់ងារក្រោមចំណុះអង្គការសហប្រជាជាតិជាង៣០ផងនោះ ប្រមុខអង្គការពិភពលោក មួយនេះ បានចេញមុខតវ៉ាភ្លាមៗ ដោយបានរំឭកសហរដ្ឋអាម៉េរិកថា ខ្លួននៅតែមានកាតព្វកិច្ចតាមច្បាប់ក្នុងការបន្តបង់ប្រាក់វិភាគទានដដែល...។

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គូតេរ៉ែស បានសម្ដែងការសោកស្ដាយ ចំពោះការសម្រេចចិត្តរបស់លោកប្រធានាធិបតី ត្រាំ ក្នុងការដកខ្លួនចេញពីភ្នាក់ងារពាក់ព័ន្ធនឹងអង្គការសហប្រជាជាតិចំនួន៣១ រួមទាំងទីភ្នាក់ងារប្រជាជនរបស់អង្គការសហប្រជាជាតិ និងសន្ធិសញ្ញាអង្គការសហប្រជាជាតិ ដែលបង្កើតការចរចាអាកាសធាតុអន្តរជាតិ។ អ្នកនាំពាក្យរបស់អគ្គលេខាធិការរូបនេះ បានលើកឡើងចំៗថា៖«ការបង់ប្រាក់សម្រាប់កញ្ចប់ថវិកាប្រចាំឆ្នាំ និងកញ្ចប់ថវិការក្សាសន្តិភាព..គឺជាកាតព្វកិច្ចតាមច្បាប់ ក្រោមធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ សម្រាប់រដ្ឋជាសមាជិកទាំងអស់ រួមទាំងសហរដ្ឋអាម៉េរិកផងដែរ»។ លោកបន្ថែមថា ទោះបីជាអាម៉េរិកព្យាយាមផ្ដាច់ខ្លួនក៏ដោយ ក៏ភ្នាក់ងារទាំងនោះនឹងមិនបោះបង់បេសកកម្មរបស់ខ្លួនឡើយ ព្រោះអង្គការសហប្រជាជាតិមានការទទួលខុសត្រូវក្នុងការជួយដល់អ្នកដែលកំពុងពឹងផ្អែកលើខ្លួន។

ស្របពេលជាមួយគ្នា ក្រុមអ្នកការទូតជាន់ខ្ពស់របស់ UN បានដឹងរឿងពីការដកខ្លួននេះតាមតែបណ្ដាញសង្គម និងព័ត៌មានប៉ុណ្ណោះ ដោយគ្មានលិខិតផ្លូវការណាមួយពីរដ្ឋបាលលោក ត្រាំ ឡើយ។ ការដើរចេញរបស់អាម៉េរិកនេះ មិនត្រឹមតែប៉ះពាល់ដល់ថវិកាសកលប៉ុណ្ណោះទេ ប៉ុន្តែវាក៏កំពុងជះឥទ្ធិពលឱ្យប្រទេសមហាអំណាចផ្សេងទៀតដូចជា បារាំង និងអង់គ្លេស ចាប់ផ្ដើមរុះរើកញ្ចប់ថវិកាជំនួយមនុស្សធម៌របស់ខ្លួន ដើម្បីយកទៅបង្កើនការចំណាយលើវិស័យយោធាវិញ ដែលនេះជាសញ្ញានៃការចុះខ្សោយនៃកិច្ចសហប្រតិបត្តិការពិភពលោក៕



