
(រាធានីភ្នំពេញ)៖ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា អំពាវនាវឱ្យអាជីវករលក់សាច់ជ្រូក និងសាច់មាន់កុំឡើងថ្លៃនៅថ្ងៃចូលឆ្នាំ ខណៈជ្រូកលក់ចេញពីកសិដ្ឋាន ឬលក់ចេញពីដៃកសិករ តម្លៃ១២០០០រៀល ទៅ ១៣០០០រៀល សម្រាប់ជ្រូករស់១ គីឡូក្រាម....។
ថ្លែងប្រាប់ SBM តាមសារអេឡិចត្រូនិចតេឡេក្រាម នារសៀលថ្ងៃទី១៣ មេសា នេះ លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានឱ្យដឹងថា នារដូវចូលឆ្នាំនេះ ជ្រូកលក់ចេញពីកសិដ្ឋាន ឬលក់ចេញពីដៃកសិករ តម្លៃ១២ ០០០រៀល ទៅ១៣ ០០០រៀល សម្រាប់ជ្រូករស់១ គីឡូក្រាម ពោលកើនឡើង ១០០០ រៀលបើធៀបទៅនឹងកាលពីមុន។

លោកថា «ការបង្ខំចិត្តឡើងថ្លៃនេះ ដោយសារចំណីសត្វ ក៏បានឡើងថ្លៃប្រមាណជា ២០ភាគរយឯណោះ បានសេចក្តីថា ការឡើងថ្លៃ ១០០០ រៀលនេះ ក៏មិនចំណេញសម្រាប់អ្នកចិញ្ចឹមនៅឡើយ ហើយអាជីវករក្នុងទីផ្សារ អាចលក់ក្នុងតម្លៃ ២២០០០រៀល ទៅ ២៣០០០រៀល គឺជាតម្លៃសមរម្យ។» ជាមួយគ្នានេះដែរប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជារូបនេះ បានអំពាវនាវឱ្យអាជីវករលក់សាច់នៅក្នុងទីផ្សារទាំងអស់ នៅទូទាំងប្រទេស មេត្តាកុំដំឡើងថ្លៃហួសហេតុពេក ទោះបីជាពេលនេះ ជារដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលមានតម្រូវការសាច់ខ្ពស់ក៏ដោយ ។
ការពន្យល់ និងសំណូមពររបស់លោកស្រ៊ុន ពៅ ដូច្នេះ ដោយសារប៉ុន្មានថ្ងៃចុងក្រោយនេះ អាជីវករលក់សាច់ជ្រូក និងសាច់មាន់នៅតាមទីផ្សារ បានព្យាយាមដំឡើងថ្លៃគួរឱ្យកត់សម្គាល់ ពោលគឺនៅផ្សារខ្លះ សាច់ជ្រូកមួយគីឡូក្រាម អាចលក់ដល់ ២៥០០០រៀល ទៅ ២៨០០០រៀលឯណោះ ដែលតម្លៃនេះ បានឡើងប្រមាណជា ៣០០០រៀលសម្រាប់សាច់ជ្រូកមួយគីឡូក្រាម បើធៀបទៅនឹងកាលពីពេលមុន។

ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា លោកស្រ៊ុន ពៅ បានគូសបញ្ជាក់ថា តម្លៃជ្រូករស់ដែលបានឡើងថ្លៃ ១០០០រៀល សម្រាប់មួយគីឡូក្រាមនេះ មិនមែនដោយសារកម្ពុជា ខ្វះជ្រូកទេ ពោលគឺកម្ពុជា មានជ្រូកគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារ ជាពិសេសនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាខ្មែរនេះ ប៉ុន្តែការដំឡើងថ្លៃបន្តិចនេះ គឺដោយសារតែចំណីសត្វចិញ្ចឹមឡើងថ្លៃពីរោងចក្រផលិត ទើបម្ចាស់កសិដ្ឋានបង្ខំចិត្តដំឡើងថ្លៃសាច់ជ្រូក ដើម្បីទប់ទល់ការចំណាយ...៕



