
រាជធានីភ្នំពេញ៖ សិស្សជាជនជាប់ឃុំចំនួន១៤នាក់ នៅមណ្ឌលអប់រំកែប្រែទី១ ទទួលបានវិញ្ញាបនបត្របញ្ចប់ការសិក្សា កម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋានតាមអ៊ីនធឺណិត (BEEP) នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦។

ក្រសួងអប់រំ យុវជន និងកីឡា បញ្ជាក់ថា ការតេស្តសិក្សាកម្មវិធីប៊ីបក្នុងមណ្ឌលអប់រំកែប្រែទី១ បានចាប់ផ្តើមអនុវត្តក្នុងខែឧសភា ឆ្នាំ២០២៥ ដោយមានជនជាប់ឃុំចំនួន ១៦នាក់ បានចុះឈ្មោះសិក្សា។ ក្នុងនោះសិស្សចំនួន១៤នាក់បានសិក្សាបញ្ចប់ និងប្រឡងជាប់ជាស្ថាពរជាមួយព្រឹត្តិបត្រពិន្ទុខ្ពស់គួរឱ្យកោតសរសើរ។ ដោយមើលឃើញពីចំណុចល្អប្រសើរក្នុងការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការសិក្សា (Off-line Content Server) ដែលមាននាយកដ្ឋានបដិវត្តកម្មឌីជីថលផ្តល់ជំនួយផ្នែកបច្ចេកទេស និងដំឡើងប្រព័ន្ធសិក្សាឱ្យមានដំណើរការល្អប្រសើរ មណ្ឌលអប់រំកែប្រែទី១ ក៏បានបន្តចុះឈ្មោះសិស្សថ្មីចំនួន១៦នាក់បន្ថែមទៀត ដែលបច្ចុប្បន្នកំពុងបន្តការសិក្សា។

អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោក គួច គូលំអ ថ្លែងក្នុងពិធីថា វិញ្ញាបនបត្រនេះ មានតម្លៃសមមូលនឹងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ថ្នាក់ទី៩) ដែលអនុញ្ញាតឱ្យសិស្សមានលទ្ធភាពបន្តការសិក្សានៅកម្រិតខ្ពស់ជាងនេះ ឬបន្តទៅទទួលការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈបាន។ ទៅថ្ងៃអនាគតកម្មវិធីនឹងពង្រីកវិសាលភាពដល់យុវជននៅសហគ្រាស (SMEs) មណ្ឌលស្តារនីតិសម្បទា និងយុវជនចំណាកស្រុកផងដែរ៕





