
រាជធានីភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម មានផែនការកសាងអាងស្តុកទឹកធំៗថ្មីបន្ថែមទៀត ខណៈបរិមាណទឹកក្នុងអាងស្តុកទឹកទូទាំងប្រទេសកម្ពុជាសព្វថ្ងៃ មិនទាន់គ្រប់គ្រាន់សម្រាប់តម្រូវការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ…។

លោក ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការក្រសួងធនធានទឹក មានប្រសាសន៍ថា អាងស្តុកទឹក បឹងបួ នៅទូទាំងប្រទេសកម្ពុជា មានសមត្ថភាពស្តុកទឹកទុកបានសរុបប្រមាណជាង៤ពាន់លានម៉ែត្រគុប សម្រាប់បម្រើដល់ការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ, ការស្រោចស្រពកសិកម្ម, ការផ្គត់ផ្គង់ទឹកស្អាត និងរក្សាប្រព័ន្ធអេកូឡូស៊ី ប៉ុន្តែបរិមាណទឹកនេះ នៅមិនទាន់គ្រប់គ្រាន់ទៅនឹងតម្រូវការប្រើប្រាស់ជាក់ស្តែងនោះទេ។ ដូច្នេះ ក្រសួងធនធានទឹក មានចក្ខុវិស័យកសាងអាងស្តុកទឹកធំៗថ្មីបន្ថែម ព្រមទាំងស្តារអាងទឹកដែលមានស្រាប់ ដើម្បីបង្កើនសមត្ថភាពស្តុកទឹកឱ្យបានច្រើន ឆ្លើយតបនឹងតម្រូវការប្រើប្រាស់ជាក់ស្តែង និងកាត់បន្ថយទឹកជំនន់។

ទន្ទឹមគ្នា ក្រសួងក៏មានផែនការអភិវឌ្ឍប្រព័ន្ធធារាសាស្ដ្រដែលមិនទាន់ពេញលេញ ឱ្យក្លាយជាប្រព័ន្ធធារាសាស្ដ្រពេញលេញ ក្នុងគោលបំណងបញ្ជូនទឹកដល់ស្រែកសិករបានទាន់ពេលវេលា។ លោករដ្ឋលេខាធិការលើកឡើងដូច្នេះក្នុងកិច្ចប្រជុំត្រៀមវិធានការឆ្លើយតបគ្រោះរាំងស្ងួត កាលពីថ្ងៃទី៣មករា ឆ្នាំ២០២៦ ដែលមានការអញ្ជើញរួមពីមន្រ្តីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ រួមទាំងគណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ លោក ឈា ប៊ុនរិទ្ធ បានបញ្ជាក់បន្ថែមថា ការគ្រប់គ្រងទឹកគឺត្រូវអនុវត្តក្នុងក្របខ័ណ្ឌអាងទន្លេ និងស្ទឹង ហើយត្រូវដឹងពីតម្រូវការនៃការប្រើប្រាស់ទឹកពីភាគីពាក់ព័ន្ធ។ កិច្ចការងារនេះត្រូវមានផែនការច្បាស់លាស់ក្នុងការគ្រប់គ្រង និងបែងចែក ព្រមទាំងមានការចូលរួមសហការពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីកាត់បន្ថយនូវបញ្ហាប្រឈមដែលកើតឡើងដោយសារទឹក៕



