
ក្រុងខេមរភូមិន្ទ៖ ក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) នៅថ្ងៃទី៤កុម្ភៈ ឆ្នាំ២០២៦ បានជួបប្រជុំគ្នានៅច្រកអន្តរជាតិ ចាំយាម-ហាតលឹក ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង។ ការជួបជជែកគ្នានេះ ភាគីទាំងពីរមិនទាន់រកឃើញនូវចំណុចកណ្តាលរួមគ្នាបាននៅឡើយទេ…។

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា គូសបញ្ជាក់ថា ភាគីទាំងពីរនឹងបន្តផ្លាស់ប្ដូរឯកសារ និងពិភាក្សាគ្នាឈានដល់ការឯកភាព នាពេលខាងមុខ ទើបមានការរៀបចំពិធីចុះហត្ថលេខា និងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៣របស់កម្ពុជា និងបញ្ជាការការពារព្រំដែនចន្ទបុរី-ត្រាតរបស់ថៃ។ ក្រសួងបន្ថែមថា កិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ធ្វើឡើងផ្អែកតាមសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ កាលពីថ្ងៃទី២៧ធ្នូ ឆ្នាំ២០២៥ កន្លងទៅ ដែលភាគីទាំងពីរបានបញ្ជាក់សាជាថ្មី អំពីការបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ខ្ជាប់ខ្ជួននូវលទ្ធផលនៃកិច្ចប្រជុំពិសេសនេះ ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព។

លើសពីនេះ បន្តកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយភាពតានតឹងតាមបណ្តោយព្រំដែន ក៏ដូចជាស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែងសំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ឈានដល់ការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញឱ្យបានឆាប់រហ័សដូចពីមុន៕




