
រាជធានីភ្នំពេញ៖ មន្រ្តីជំនាញនៃក្រសួងបរិស្ថាន សហការជាមួយមន្ត្រីនៃមន្ទីរបរិស្ថានរាជធានីភ្នំពេញ ចុះអន្តរាគមន៍លើរោងចក្រកាត់ដេរសម្លៀកបំពាក់ ឈ្មោះ ក្រុមហ៊ុន រេន ហេង ហ្គាមេន ខូអិលធីឌី ស្ថិតនៅភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោយរកឃើញមានការដុតកម្ទេចក្រណាត់ បំពុលខ្យល់ និងប៉ះពាល់ដល់គុណភាពបរិស្ថាននៅជុំវិញ។

តាមសំណេរដែលបង្ហោះដោយក្រសួងបរិស្ថាន បានឱ្យដឹងថា ការចុះត្រួតពិនិត្យ ករណីមានផ្សែងខ្មៅហុយចេញពីបំពង់ផ្សែងឡចំហុយក្រុមហ៊ុនខាងលើ ធ្វើឡើងកាលពីថ្ងៃទី៣កុម្ភៈ ឆ្នាំ២០២៦។ ក្រុមការងារអធិការកិច្ច នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន រកឃើញថា នៅក្រៅបរិវេណរោងចក្រមានបំពង់ផ្សែងឡចំហុយមានហុយផ្សែងខ្មៅ តែពុំមានក្លិនឈ្ងៀម រីឯនៅបរិវេណរោងចក្រ មានឡចំហុយ១គ្រឿងទៀត ប្រើប្រាស់អុសដុត និងកម្ទេចក្រណាត់។ បន្ទាប់មក ក្រុមការងារបានយកឧបករណ៍ត្រួតពិនិត្យសារធាតុបំពុលខ្យល់ចេញពីបំពង់ផ្សែងឡចំហុយ ជាលទ្ឋផលឃើញថា ការបញ្ចេញសារធាតុបំពុលខ្យល់ចេញពីបំពង់ផ្សែងឡចំហុយ មានលើសពីស្ដង់ដារ។

ទន្ទឹមនឹងនោះ ក្រុមការងារ ថែមទាំងរកឃើញថា ក្រុមហ៊ុនបានដំណើរការផលិត ដោយមិនបានបំពាក់ប្រព័ន្ធសម្អាតផ្សែងចេញពីឡចំហុយ, មិនមានកិច្ចសន្យាដឹកជញ្ជូនសំណល់រឹងឧស្សាហកម្ម និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនឹងវិស័យបរិស្ថានផងដែរ។ ជាចំណាត់ការ ក្រសួងបរិស្ថាន តម្រូវឱ្យក្រុមហ៊ុនបញ្ឈប់ការដុតកម្ទេចក្រណាត់ក្នុងឡចំហាយជាដាច់ខាត និងត្រូវរៀបចំបំពាក់ប្រព័ន្ធសម្អាតផ្សែងចេញពីឡចំហុយឱ្យបានត្រឹមត្រូវ រួមទាំងធ្វើកិច្ចសន្យាដឹកជញ្ជូនសំណល់រឹងឧស្សាហកម្ម ជាមួយក្រុមហ៊ុនដែលទទួលស្គាល់ពីក្រសួងបរិស្ថាន។ មួយវិញទៀត ក្រុមហ៊ុនក៏ត្រូវផ្ដល់សំណងផលប៉ះពាល់សុខភាពសាធារណៈ និងការខូចខាតបរិស្ថាន តាមការវាយតម្លៃជាក់ស្ដែងពីមន្រ្តីជំនាញ ផងដែរ៕




