
រដ្ឋធានីវ៉ាស៊ីនតោន៖ ក្លាសស្ទើរ Gloucester ដែលជាទីក្រុងនេសាទដ៏ចំណាស់បំផុតរបស់សហរដ្ឋអាម៉េរិក កំពុងធ្លាក់ក្នុងក្ដីសោកសង្រេងយ៉ាងខ្លាំង បន្ទាប់ពីទូកនេសាទឈ្មោះ លីលី ចៀន (Lily Jean) លិចនៅក្នុងមហាសមុទ្ទអាត្លង់ទិច បណ្ដាលឱ្យមនុស្ស៧នាក់បាត់បង់ជីវិត។ ក្នុងចំណោមជនរងគ្រោះ មានទាំងអ្នកនេសាទជំនាន់ទី៥, មន្ត្រីសង្កេតការណ៍ជលផលវ័យក្មេង និងឪពុក និងកូនប្រុស ដែលបម្រើការជាមួយគ្នានៅលើទូកនោះផងដែរ...។

យោងតាមការបញ្ជាក់ពីឆ្មាំសមុទ្ទសហរដ្ឋអាម៉េរិក ទូកប្រវែង២២ម៉ែត្របានលិចកាលពីព្រឹកព្រលឹមថ្ងៃសុក្រទី៣០ ខែមករាកន្លងទៅ ខណៈពេលកំពុងធ្វើដំណើរត្រឡប់មកកាន់កំពង់ផែវិញ ដើម្បីជួសជុលឧបករណ៍នេសាទ។ ទោះបីជាមូលហេតុពិតប្រាកដមិនទាន់ត្រូវបានដឹងច្បាស់ ប៉ុន្តែក្រុមអ្នកជំនាញបានសន្និដ្ឋានថា កំណកទឹកកកដែលកើតចេញពីចំហាយទឹកសមុទ្ទត្រជាក់ខ្លាំង អាចជាមូលហេតុធ្វើឱ្យទូកបាត់បង់លំនឹង និងក្រឡាប់លិចចូលទៅក្នុងទឹក។

សោកនាដកម្មនេះ បានរំលឹកឡើងវិញនូវគ្រោះថ្នាក់ដ៏គួរឱ្យខ្លាចនៃឧស្សាហកម្មនេសាទក្នុងទីក្រុងក្លាសស្ទើរ ដែលមានប្រវត្តិជាង៤០០ឆ្នាំ ហើយធ្លាប់ត្រូវបានគេយកទៅផលិតជាភាពយន្តដ៏ល្បីល្បាញគឺ «The Perfect Storm»។ ឈ្មោះរបស់អ្នកនេសាទទាំង៧នាក់ នឹងត្រូវចារឹកទុកនៅលើវិមានអនុស្សាវរីយ៍ប្រចាំទីក្រុង ដើម្បីផ្ដល់កិត្តិយសដល់ភាពក្លាហាន និងការលះបង់របស់ពួកគេក្នុងនាមជាអ្នកនេសាទពិតប្រាកដ។ បច្ចុប្បន្ន អាជ្ញាធរកំពុងបើកការស៊ើបអង្កេតជាផ្លូវការ បន្ទាប់ពីបានបញ្ឈប់ការរុករកអ្នកនៅរស់រានមានជីវិត កាលពីថ្ងៃសៅរ៍កន្លងទៅ៕




