ព្រឺខ្នងខ្ញាកៗ! អាម៉េរិកបា.ញ់កម្ទេចយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ ក្រោយហោះក្បែរនាវាផ្ទុកយន្តហោះចម្បាំងនៅសមុទ្ទអារ៉ាប់
ហៀប ស៊ីថេត
21 ម៉ោងមុន

មជ្ឈិមបូព៌ា៖ ដែនដីមជ្ឈិមបូព៌ាកំពុងបោះជំហានឈានទៅរកស្ថានការណ៍កាន់តែផុយស្រួយ និងព្រឺព្រួច បន្ទាប់ពីយោធាសហរដ្ឋអាម៉េរិក កាលពីថ្ងៃអង្គារទី៣ ខែកុម្ភៈ បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ ដែលហ៊ានហោះចូលទៅជិតនាវាផ្ទុកយន្តហោះខ្នាតយក្សអាប្រាហាំលីនខូលន៍ (Abraham Lincoln) នៅក្នុងដែនសមុទ្ទអារ៉ាប់...។

ហេតុការណ៍ដ៏ស្រួចស្រាវនេះ បានកើតឡើងនៅពេលដែលអ្នកការទូតអ៊ីរ៉ង់ និងសហរដ្ឋអាម៉េរិកព្យាយាមរៀបចំកិច្ចចរចានុយក្លេអ៊ែរ ហើយប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានព្រមានថា នាវាចម្បាំងរបស់សហរដ្ឋអាម៉េរិកដែលបានធ្វើដំណើរឆ្ពោះទៅកាន់តំបន់មជ្ឈិមបូព៌ានឹងក្លាយជាសុបិនអាក្រក់សម្រាប់ប្រទេសអ៊ីរ៉ង់ ហើយរឿងអាក្រក់នឹងកើតឡើង ប្រសិនបើកិច្ចព្រមព្រៀងបរាជ័យ។​ ជាក់ស្តែង យោធាអាម៉េរិកបានបញ្ជាក់ថា យន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ Shahed-139 (សាហេត-១៣៩) កំពុងហោះហើរសំដៅទៅកាន់នាវាដឹកជញ្ជូនចម្បាំងអាម៉េរិក ដោយចេតនាមិនច្បាស់លាស់។ ក្រោយមកយោធាអាម៉េរិកបានប្រើប្រាស់បក្សីចម្បាំង F-35C បាញ់ទម្លាក់ដ្រូននោះ។

មេបញ្ជាការកងទ័ពជើងទឹកអាម៉េរិកបានសង្កត់ធ្ងន់ថា ៖«យន្តហោះចម្បាំង F-35C ហោះចេញពីនាវាផ្ទុកយន្តហោះអាប្រាហាំលីនខូលន៍ រួចបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ ក្នុងចេតនាការពារខ្លួន ការពារនាវាផ្ទុកយន្តហោះ និងបុគ្គលិកយោធានៅលើនាវា»។ លោកបានបន្ថែមថា គ្មានបុគ្គលិកយោធាអាម៉េរិកណាម្នាក់រងគ្រោះថ្នាក់ក្នុងហេតុការណ៍នោះទេ ហើយក៏មិនមានឧបករណ៍របស់សហរដ្ឋអាម៉េរិកត្រូវបានខូចខាតនោះដែរ។ យ៉ាងណា ទីភ្នាក់ងារសារព័ត៌មាន Tasnim (តាស្នីម) របស់អ៊ីរ៉ង់ បានរាយការណ៍ថា ការតភ្ជាប់ជាមួយនឹងយន្តហោះគ្មានមនុស្សបើកនៅក្នុងដែនទឹកអន្តរជាតិ ត្រូវបានកាត់ផ្តាច់ ប៉ុន្តែមូលហេតុពិតមិនត្រូវបានដឹងនោះទេ។ តើការបាញ់ទម្លាក់ដ្រូនអ៊ីរ៉ង់ដោយយោធាអាម៉េរិកនៅសមុទ្ទអារ៉ាប់ អាចជាសញ្ញានៃរលកសង្គ្រាមដែរឬទេ...?

សូមជម្រាបផងដែរថា កាលពីថ្ងៃអង្គារទី៣ ខែកុម្ភៈដដែល ហេតុការណ៍ដាច់ដោយឡែកមួយទៀត បានកើតឡើងនៅច្រកសមុទ្ទហ័រមូហ្ស (Hormuz)។ ត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពីយោធាអាម៉េរិកបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក កងកម្លាំងឆ្មាំបដិវត្តន៍អ៊ិស្លាមរបស់អ៊ីរ៉ង់បានរំខាននាវាពាណិជ្ជករដែលមានទង់ជាតិសហរដ្ឋអាម៉េរិក។ នេះបើយោងតាមយោធាសហរដ្ឋអាម៉េរិក៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត