
រដ្ឋធានីហាណូយ៖ វៀតណាម និងសហភាពអឺរ៉ុប(EU) បានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍ទី២៩ ខែមករាថា ពួកគេបានបង្កើនទំនាក់ទំនងការទូតខ្ពស់បំផុត ខណៈភាគីទាំង២ កំពុងព្យាយាមស្វែងរកការពង្រីកភាពជាដៃគូអន្តរជាតិ ចំពេលសណ្តាប់ធ្នាប់ពិភពលោកកំពុងក្រឡាប់ចក្រ...។

វៀតណាម និងសហភាពអឺរ៉ុប EU កំពុងស្វែងរកការពង្រឹងទំនាក់ទំនងអន្តរជាតិឱ្យកាន់តែស៊ីជម្រៅ ស្របពេលភាគីទាំង២ ប្រឈមមុខនឹងការយកពន្ធខ្ពស់លើការនាំចេញរបស់ពួកគេទៅកាន់សហរដ្ឋអាម៉េរិក។ ប្រធានរដ្ឋវៀតណាម លោក លឿង គឿង (Mr.Lương Cường) បានអះអាងនៅពេលចាប់ផ្តើមកិច្ចប្រជុំ នៅរដ្ឋធានីហាណូយជាមួយប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក អង់តូនីញ៉ូ ខូស្តា (Mr.Antonio Costa) ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម និងសហភាពអឺរ៉ុបចំនួន២៧ បានចូលជាធរមានក្នុងឆ្នាំ២០២០។

ជាមួយគ្នា លោក ខូស្តា បានលើកឡើងថា ការដំឡើងកម្រិតនៃទំនាក់ទំនង គឺសំខាន់សម្រាប់យើង ដើម្បីផ្សារភ្ជាប់ជាមួយតំបន់ និងតួនាទីដែលកំពុងរីកចម្រើនរបស់វៀតណាម។ លោក កូស្តា បានសង្កត់ធ្ងន់ថា៖«នៅពេលនេះ សណ្តាប់ធ្នាប់ពិភពលោក ដែលផ្អែកលើច្បាប់អន្តរជាតិ កំពុងស្ថិតនៅក្រោមការគំរាមកំហែងពីភាគីជាច្រើន យើងត្រូវចាប់ផ្តើមឈរក្បែរគ្នាក្នុងនាមជាដៃគូដែលអាចទុកចិត្តបាន»។ ភាគីទាំង២ នឹងធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការក្នុងវិស័យជាច្រើនទៀត រួមទាំង៖ វិស័យការពារជាតិ រ៉ែសំខាន់ៗ ឧបករណ៍អេឡិចត្រូនិក ការដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធ។ គួរជម្រាបថា ទំនាក់ទំនងអឺរ៉ុប និងវៀតណាម បានដំឡើងទំនាក់ទំនងដល់កម្រិតខ្ពស់បំផុត ដូចគ្នាទៅនឹងសហរដ្ឋអាម៉េរិក ចិន និងរុស្ស៊ីដែរ៕



