
រដ្ឋធានីហាណូយ៖ ក្រសួងសន្តិសុខសាធារណៈរបស់វៀតណាម បានអះអាងកាលពីថ្ងៃព្រហស្បតិ៍ទី២៩មករាថា ប៉ូលិសបានបើកការស៊ើបអង្កេតឧក្រិដ្ឋកម្មទៅលើឃ្លាំងមួយ ដែលត្រូវបានចោទប្រកាន់ពីបទផលិតកាហ្វេក្លែងក្លាយ ធ្វើពីសណ្តែកសៀង...។

ក្រសួងបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប៉ូលិសបានរឹបអូសផលិតផលកាហ្វេក្លែងក្លាយចំនួន៤,១តោន និងវត្ថុធាតុដើមចំនួន៣តោន ក្នុងអំឡុងពេលនៃការចុះឆ្មក់បង្ក្រាបទៅលើឃ្លាំងមួយនៅតំបន់សេនត្រល់ ហាយឡែនដ៍ (Central Highlands) នៃខេត្តឡឹមដុង (Lâm Đồng) ខណៈតំបន់នេះ ជាតំបន់ដាំកាហ្វេដ៏សំខាន់បំផុតមួយរបស់ប្រទេសវៀតណាម។ លោក លឿង វៀតគាម (Mr.Lương Việt Kiếm) ម្ចាស់ឃ្លាំង បានសារភាពប្រាប់ប៉ូលិសថា ក្រុមហ៊ុនរបស់លោកបានលាយសណ្តែកសៀង និងសារធាតុបង្កើនរសជាតិកាហ្វេ ដើម្បីផលិតម្សៅកាហ្វេសម្រាប់ចែកចាយទីផ្សារក្នុងស្រុក។

ប៉ូលិសបានអះអាងថា ការឆ្មក់បង្ក្រាបចូលឃ្លាំងនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីមានការត្រួតពិនិត្យកាលពីថ្ងៃអង្គារទី២៧ ខែមករា លើរថយន្តដឹកទំនិញផ្ទុកម្សៅកាហ្វេចំនួន ១០៥៦ថង់ ទម្ងន់៥២៨គីឡូក្រាម ដែលមិនមានឯកសារភ្ជាប់មកជាមួយ។ សូមជម្រាបថា វៀតណាមបាននាំចេញកាហ្វេចំនួន១,៦លានតោន មានតម្លៃ៨,៩ពាន់លានដុល្លារ កាលពីឆ្នាំ២០២៥ កើនឡើង១៨,៣ភាគរយ គិតជាបរិមាណ និង៥៨,៨ភាគរយគិតជាតម្លៃ បើធៀបនឹងឆ្នាំ២០២៥។ នេះបើយោងតាមទិន្នន័យគយរបស់រដ្ឋាភិបាលវៀតណាម៕



