
ក្រុងព្រះសីហនុ៖ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ មាននាវាទេសចរណ៍មួយឈ្មោះ COSIA SERENA (ខូសៀ សឺរីណា) សញ្ជាតិអុីតាលី ចូលមកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយបាននាំភ្ញៀវទេសចរ២៨៩០នាក់ (មាន៥៩សញ្ជាតិ)។

កំពង់ផែស្វយ័តក្រុងព្រះសីហនុ ផ្សព្វផ្សាយថា នាវានេះមានប្រវែងបណ្តោយ២៩០ម៉ែត្រ និងប្រវែងទទឹង៣៥ម៉ែត្រកន្លះ ជម្រៅ៨ម៉ែត្រ បានចូលចតដោយសុវត្ថិភាព ក្នុងគោលបំណងមកទស្សនាប្រទេសកម្ពុជា រយៈពេលមួយថ្ងៃ បន្ទាប់ពីចេញដំណើរមកពីប្រទេសវៀតណាម។ នាវិកសរុប មានចំនួន១០៣០នាក់។ ចំពោះភ្ញៀវទេសចរ មានជិត៣ពាន់នាក់ ក្នុងនោះ ជនជាតិដែលមានចំនួនច្រើនជាងគេ គឺអ៊ីតាលី ចំនួន៧៩៤នាក់ អាល្លឺម៉ង់ ចំនួន២៥១នាក់ និងបារាំង ចំនួន២៤៧នាក់។ ជាមួយគ្នានេះ កម្ពុជាបានរៀបចំក្រុមសិល្បៈបុរាណ មានរបាំ និងភ្លេង ទទួលស្វាគមន៍ដំណើរមកដល់របស់ភ្ញៀវទេសចរ។

នាវាទេចរណ៍អន្តរជាតិនេះ នឹងចាកចេញពីកម្ពុជា ទៅកាន់ប្រទេសថៃ នៅល្ងាចថ្ងៃ៤កុម្ភៈនេះដដែល។ សូមរំឭកថា កាលពីថ្ងៃទី២៧មករា កន្លងទៅ មាននាវាទេសចរណ៍បរទេសចំនួនពីរ បាននាំភ្ញៀវចម្រុះជាតិសាសន៍ប្រមាណជាង២ពាន់នាក់ ចូលមកទស្សនាកម្ពុជា៕





