
រដ្ឋធានីម៉ូស្គូ៖ លោក ឌីមីទ្រី ម៉េដវេដេហ្វ អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី បានចេញមុខមកវាយប្រហារសហរដ្ឋអាម៉េរិកចំៗ ជុំវិញការទម្លាក់របបដឹកនាំ លោក នីកូឡាស់ ម៉ាឌូរ៉ូ និងសកម្មភាពឃាត់ខ្លួន គឺមិនខុសពីអំពើចោរកម្មកម្រិតរដ្ឋ ដែលកំពុងធ្វើឱ្យប្រព័ន្ធទំនាក់ទំនងអន្តរជាតិរលាយនោះទេ។ នេះបើតាមកាសែតរ៉យទ័រ ចុះផ្សាយនៅថ្ងៃចន្ទទី២ ខែកុម្ភៈនេះ...។

លោក ម៉េដវេដេហ្វ បានប្រាប់សារព័ត៌មានរដ្ឋ TASS ថា៖«អ្វីដែលបានកើតឡើងចំពោះប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ គឺច្បាស់ណាស់ជាការរំលោភលើបទដ្ឋាននៃច្បាប់អន្តរជាតិ»។ លោកបានសង្កត់ធ្ងន់ថា៖«វាធ្វើឱ្យខូចប្រព័ន្ធទំនាក់ទំនងអន្តរជាតិទាំងមូល»។ លោកបន្តថា សកម្មភាពរបស់លោក ដូណាល់ ត្រាំ លើការចាប់ខ្លួន លោក នីកូឡាស់ ម៉ាឌូរ៉ូ គឺមិនខុសពីអំពើចោរកម្មទេ។ ការចេញមុខមកមករិះគន់អាម៉េរិកចំៗ ដោយលោក ម៉េដវេដេហ្វ នាពេលនេះ មិនមែនគ្រាន់តែជាការសម្ដែងការសោកស្ដាយចំពោះសម្ព័ន្ធមិត្តចាស់វេណេហ្ស៊ុយអេឡានោះទេ ប៉ុន្តែរដ្ឋធានីមូស្គូក៏ចង់បង្ហាញថា រដ្ឋធានីវ៉ាស៊ីនតោនកំពុងប្រើច្បាប់ព្រៃ ទៅលើប្រទេសមេដឹកនាំនៃប្រទេសផ្សេងទៀត។

គេនៅចាំបានថា នៅអំឡុងម៉ោង២យប់ ឈានចូលថ្ងៃទី៣ ខែមករា យោធាពិសេសសហរដ្ឋអាម៉េរិក បានបើកប្រតិបត្តិការវាយប្រហារលឿនដូចផ្លេកបន្ទោរ ចូលរដ្ឋធានីការ៉ាកាស ខណៈប្រព័ន្ធរ៉ាដា និងប្រព័ន្ធការពារដែនអាកាស ដែលត្រូវបានផ្គត់ផ្គង់ដោយចិន និងរុស្ស៊ី មិនអាចមើលឃើញ។ ក្រោយមក យោធាអាម៉េរិក បានចាប់ខ្លួនប្រធានាធិបតីវេណេហ្ស៊ុយអេឡា និងភរិយា រួចដាក់ខ្នោះយកទៅកាត់ទោសនៅទីក្រុងញូវយ៉កយ៉ាងរំភើយ ដោយមិនចំណាយជីវិតយោធាអាម៉េរិកសូម្បីតែម្នាក់៕




