
រាជធានីភ្នំពេញ៖ រដ្ឋាភិបាលឥណ្ឌា នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានផ្ដល់ជំនួយឥតសំណងចំនួន៩៩២៥៥ដុល្លារអាម៉េរិកដល់ប្រទេសកម្ពុជា…។

ជំនួយឥតសំណងរបស់ឥណ្ឌាផ្ដល់ជូនកម្ពុជា នឹងត្រូវយកទៅប្រើប្រាស់លើការងារពង្រឹងសមត្ថភាពតាមដានអាកាសធាតុ នៅក្នុងខេត្តសៀមរាប ដើម្បីជួយដល់សុខុមាលភាពសាធារណៈ និងសេដ្ឋកិច្ចក្នុងតំបន់។ កិច្ចព្រមព្រៀងប្រគល់ និងទទួលជំនួយខាងលើ ត្រូវបានចុះហត្ថលេខាដោយលោក ប៊ុន ហ៊ាន រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងលោក វ៉ាន់ឡាល់វ៉ាវណា បាវីតលុង (Vanlalvawna Bawitlung) ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា ក្រោមអធិបតីភាព លោក ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម។ តាមរយៈឯកអគ្គរដ្ឋទូតឥណ្ឌា លោក ថោ ជេដ្ឋា បានស្វាគមន៍ និងថ្លែងអំណរគុណដល់រដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌា ដែលជានិច្ចកាលតែងផ្តល់ជំនួយគាំទ្រទាំងសម្ភារ និងថវិកាជួយដល់កម្ពុជា ជាពិសេស កិច្ចសហប្រតិបត្តិការយ៉ាងល្អលើវិស័យធនធានទឹក និងឧតុនិយម។

រដ្ឋមន្រ្តីធនធានទឹក ក៏បានបញ្ជាក់ជំហរក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនានា រវាងកម្ពុជា-ឥណ្ឌា ដើម្បីអភិវឌ្ឍន៍វិស័យធនធានទឹក និងឧតុនិយមនៅកម្ពុជា។ ជាការឆ្លើយតប ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា នាពេលកន្លងមក និងបានកោតសរសើរដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានរួមសហការគ្នាយ៉ាងល្អ ប្រកបដោយប្រសិទ្ធភាពខ្ពស់។ ឥណ្ឌា ប្តេជ្ញាចិត្តបន្តពង្រឹងទំនាក់ទំនងដ៏ល្អប្រសើរជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជា និងបន្តកិច្ចសហប្រតិបត្តិការលើវិស័យធនធានទឹកឱ្យកាន់តែរីកចម្រើនជាបន្តបន្ទាប់ទៀត៕





