កម្ពុជា-ឥណ្ឌា ឯកភាពពង្រីកកិច្ចសហប្រតិបត្តិទេសចរណ៍បែបជំនឿសាសនា
S
Sreyleak Yith
03 កក្កដា 2025 12:30 PM

រាជធានីភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍​ កាលពីថ្ងៃទី២កក្កដា ឆ្នាំ២០២៥ បានជួបពិភាក្សាការងារជាមួយព្រះតេជគុណ Bhadant Dr. Upagupta Mahathero ប្រធានស្តីទីនៃ Bhikku President of All India Bhikku Sangha រដ្ឋប៊ីហា ប្រទេសឥណ្ឌា។ នាជំនួបនោះ ភាគីទាំងពីរ បានឯកភាពពង្រីកកិច្ចសហប្រតិបត្តិទេសចរណ៍បែបជំនឿសាសនា ជំរុញផ្សព្វផ្សាយទេសចរណ៍ប្រភេទនេះ ឱ្យកាន់តែទូលំទូលាយដល់ពុទ្ធសាសនិកនៅឯបណ្តាប្រទេសដទៃទៀត…។

នាឱកាសនោះ ​លោករដ្ឋមន្រ្តី បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់របស់កម្ពុជា លើវិស័យព្រះពុទ្ធសាសនា ដែលត្រូវបានចាត់ទុកជាសាសនារបស់រដ្ឋ ដោយសារប្រជាពលរដ្ឋខ្មែរគោរពប្រតិបត្តិរហូតដល់ទៅជាង៩៥ភាគរយ និងបានដើរតួនាទីយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍលើគ្រប់វិស័យ រួមទាំងវិស័យទេសចរណ៍ផងដែរ។ ចំពោះទេសចរណ៍បែបសាសនានេះ នឹងអាចផ្ដល់ជូនដល់ពុទ្ធសាសនិកមកពីគ្រប់ទ្វីបនៃពិភពលោក បានមកសិក្សាស្វែងយល់ពីការប្រតិបត្តិធម៌ ទស្សនាទីសក្ការបូជាសាសនា និងការប្រារព្ធពិធីពុទ្ធសាសនាដូចកំណត់ក្នុងពុទ្ធឱវាទ។

លោករដ្ឋមន្រ្តីក្រសួងទេសចរណ៍​  ហួត ហាក់ 
លោករដ្ឋមន្រ្តីក្រសួងទេសចរណ៍​ ហួត ហាក់ 

លោករដ្ឋមន្រ្តី បញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងឈ្លាសវៃរបស់ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់គោរពប្រតិបត្តិ អភិវឌ្ឍ និងអភិរក្សលើទំនៀមទម្លាប់ប្រពៃណីដ៏ល្អផូរផង់នេះ។ ព្រះតេជគុណមានសង្ឈដីកាថា តាមរយៈការនិមន្តគង់នៅប្រទេសកម្ពុជា ជាពិសេសនៅខេត្តសៀមរាប ព្រះអង្គ សូមកោតសរសើរលើភាពរីកចម្រើនរបស់កម្ពុជា ជាពិសេសការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលនាំមកនូវការរីកចម្រើនទាំងអាណាចក្រ និងពុទ្ធចក្រ ក៏ដូចជាការអភិរក្សបានយ៉ាងល្អនូវវត្តអារាម ​និងទីសក្ការបូជាសាសនានានា និងការធានាសុខសុវត្ថិភាពដ៏ល្អប្រសើរ ក្នុងការធ្វើដំណើរនៅក្នុងប្រទេសកម្ពុជា៕

  ព្រះតេជគុណ Bhadant Dr. Upagupta Mahathero 
  ព្រះតេជគុណ Bhadant Dr. Upagupta Mahathero 
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត