កម្ពុជា-ឥណ្ឌា មានសក្ដានុពលជាច្រើន​ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការជាប្រយោជន៍នៃប្រទេសទាំងពីរ
S
Sreyleak Yith
27 មីនា 2025 07:00 AM

រាជធានីភ្នំពេញ៖​ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​​ ​លើកទ្បើងថា​ កម្ពុជា-ឥណ្ឌា នៅមានវិស័យសក្ដានុពលជាច្រើនដែលជាឱកាសនៃការពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីជាផលប្រយោជន៍ដល់ប្រទេសទាំងពីរ។​ វិស័យទាំងនោះរួមមាន៖ ព័ត៌មានវិទ្យា, បច្ចេកវិទ្យាឌីជីថល, អេឡិចត្រូនិក និងការកែច្នៃចំណីអាហារ...។

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​
លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​

ថ្លែងក្នុងឱកាសជំនួបពិភាក្សាការងារ​ជាមួយ​លោក វ៉ាន់ឡាល្វាន់ណា បាវីតលុង (श्री वनलालवन्ना बावितलुंग) ​​ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា​ និងសហការី កាលពីថ្ងៃទី២៦មីនា លោក​ ស៊ុន ចាន់ថុល បានសម្ដែងនូវការស្វាគមន៍ និងសាទរចំពោះការអញ្ជើញមកបំពេញបេសកកម្មការទូតនៅកម្ពុជា។​ ជាមួយគ្នា​ លោកឧបនាយករដ្ឋមន្ត្រី ក៏បានបង្ហាញនូវជំនឿថា បេសកកម្មការទូតរបស់លោកឯកអគ្គរដ្ឋទូត នឹងរួមចំណែកថែមមួយកម្រិតទៀតក្នុងការពង្រឹង ពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ បន្ថែមពីនេះ លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីការពិនិត្យលទ្ធភាព និងឱកាសក្នុងការរៀបចំបេសកកម្មទាក់ទាញ និងជំរុញវិនិយោគទៅកាន់ប្រទេសឥណ្ឌានាពេលអនាគត ដើម្បីជាការបន្ថែមគោលដៅគោះទ្វារទាក់ទាញវិនិយោគដោយផ្ទាល់មួយទៀតពីបរទេស។

លោកឯកអគ្គរដ្ឋទូត​ បានសម្ដែងនូវក្ដីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារ ជាមួយលោកឧបនាយករដ្ឋមន្ត្រី។ លោកឯកអគ្គរដ្ឋទូត គូសបញ្ជាក់ថា តាមរយៈទំនាក់ទំនងការទូតជាច្រើនទសវត្សរ៍ និងភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិការក្នុងវិស័យនានា ឥណ្ឌា-កម្ពុជា គួរលើកកម្រិតទំនាក់ទំនងឱ្យកាន់តែមានកម្រិតខ្ពស់បន្ថែមទៀត។​ ក្នុងឱកាសជំនួបនោះ លោក​ឯកអគ្គរដ្ឋទូត ក៏បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏យូរអង្វែងរវាងឥណ្ឌា និងកម្ពុជា ព្រមទាំងបានកត់សម្គាល់អំពីវឌ្ឍនភាពថ្មីៗនៃការរីកចម្រើនទាំងសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕

លោក វ៉ាន់ឡាល្វាន់ណា បាវីតលុង (श्री वनलालवन्ना बावितलुंग) ​​ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា​ 
លោក វ៉ាន់ឡាល្វាន់ណា បាវីតលុង (श्री वनलालवन्ना बावितलुंग) ​​ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា​ 
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត