
រាជធានីកូឡាឡាំពួរ៖ កងកម្លាំងអនុវត្តច្បាប់សមុទ្ទម៉ាឡេស៊ី បានប្រកាសកាលពីថ្ងៃសៅរ៍ទី៣១មករាថា ខ្លួនបានឃាត់ខ្លួននាវាដឹកប្រេងយក្សចំនួន២គ្រឿង រឹបអូសប្រេងឆៅមានតម្លៃសរុបជាង៥១២លានរីងហ្គីត ឬត្រូវនឹងប្រមាណ១២៩,៩លានដុល្លារ ក្នុងប្រតិបត្តិការបង្ក្រាបការលួចផ្ទេរប្រេងខុសច្បាប់នៅក្បែរកោះប៉េណាង (Penang) កាលពីសប្តាហ៍មុន។ ទោះជាយ៉ាងណា អាជ្ញាធរមិនបានបញ្ជាក់ថាប្រេងឆៅដ៏ច្រើនសន្ធឹកសន្ធាប់ទាំងនោះ មានប្រភពមកពីណាឡើយ...។

ប្រតិបត្តិការនេះ ធ្វើឡើងកាលពីយប់រំលងអធ្រាត្រថ្ងៃព្រហស្បតិ៍ បន្ទាប់ពីកងល្បាតជើងទឹក ទទួលសេចក្តីរាយការណ៍ និងបានរកឃើញនាវាទាំងពីរគ្រឿងកំពុងចតកៀកផ្អឹបគ្នា ដើម្បីត្រៀមផ្ទេរប្រេងពីនាវាមួយទៅនាវាមួយទៀត នៅចម្ងាយប្រហែល២៤ម៉ាយពីឆ្នេរ។ ក្រៅពីការរឹបអូសប្រេង នាវាទាំងពីរគ្រឿងដែលមានតម្លៃរហូតដល់៧១៨លានរីងហ្គីត ក៏ត្រូវបានឃាត់ទុក រួមជាមួយនាវិកចំនួន៥៣នាក់ មានសញ្ជាតិចម្រុះដូចជា៖ ចិន ភូមា អ៊ីរ៉ង់ ប៉ាគីស្ថាន និងឥណ្ឌា។ មេបញ្ជាការ លោក ម៉ូហាមេធ ស៊ូហ្វី មូហ៍ រ៉ាមលី (Mr.Muhammad Suffi Mohd Ramli) បញ្ជាក់ថា កាពីទែននាវាទាំងពីរត្រូវបានចាប់ខ្លួន ដើម្បីបន្តនីតិវិធីស៊ើបអង្កេត។

នាវាទាំងនេះ កំពុងប្រឈមមុខនឹងបទចោទប្រកាន់ចំនួនពីរ គឺការបោះយុថ្កាដោយគ្មានការអនុញ្ញាត និងការលួចផ្ទេរប្រេងខុសច្បាប់កណ្តាលសមុទ្ទ ដែលសុទ្ធសឹងត្រូវរងការផាកពិន័យជាប្រាក់យ៉ាងធ្ងន់ធ្ងរ។ គួររំឭកថា តំបន់សមុទ្ទម៉ាឡេស៊ី គឺជាចំណុចក្ដៅដែលក្រុមឧក្រិដ្ឋជនតែងតែប្រើប្រាស់សម្រាប់លួចផ្ទេរប្រេងក្នុងបំណងបិទបាំងប្រភពដើមនៃទំនិញ ធ្វើឱ្យអាជ្ញាធរត្រូវបង្កើនការរឹតបន្តឹងសន្តិសុខកាន់តែខ្លាំង ចាប់តាំងពីឆ្នាំមុនមក៕


