
រាជធានីគូឡាឡាំពួរ៖ រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី បានអះអាងនៅថ្ងៃអង្គារទី២០ ខែមករានេះថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ាន នឹងមិនបញ្ជូនអ្នកសង្កេតការណ៍ទៅតាមដានការបោះឆ្នោតទាំង៣ដំណាក់កាល ដែលកំពុងបន្តរបស់មីយ៉ាន់ម៉ា ឬភូមានោះទេ ហើយក៏មិនគាំទ្រលទ្ធផលការបោះឆ្នោតនេះដូចគ្នាដែរ...។

ថ្លែងនៅក្នុងសភា រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក ម៉ូហាម៉ាដ ហាសាន (Mohamad Hasan) បានលើកឡើងចំៗ អាស៊ានបានច្រានចោលសំណើរបស់មីយ៉ាន់ម៉ា ក្នុងការបញ្ជូនក្រុមអ្នកសង្កេតការណ៍ការបោះឆ្នោតទៅកាន់មីយ៉ាន់ម៉ា។ លើសពីនេះ លោកបានសង្កត់ធ្ងន់ថា៖«យើងបាននិយាយហើយថា អាស៊ាននឹងមិនបញ្ជូនអ្នកសង្កេតការណ៍ទៅទេ ហើយ..យើងនឹងមិនទទួលស្គាល់ការបោះឆ្នោតនោះដែរ»។ ទន្ទឹមគ្នានេះ លោក ម៉ូហាម៉ាដ ក៏បានអះអាងផងដែរថា អាស៊ានកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយ នៃការបញ្ចប់ក្រមប្រតិបត្តិដែលបានស្នើឡើងជាយូរមកហើយជាមួយរដ្ឋធានីប៉េកាំងនៅឆ្នាំនេះ ទាក់ទងនឹងសកម្មភាពនៅសមុទ្ទចិនខាងត្បូង។ លោកបន្តថា៖«យើងសង្ឃឹមថា យើងអាចធ្វើវាបាននៅឆ្នាំនេះ»។ អាស៊ាន និងចិន បានសន្យានៅឆ្នាំ២០០២ ក្នុងការបង្កើតក្រមប្រតិបត្តិ ប៉ុន្តែត្រូវចំណាយពេល១៥ឆ្នាំ ដើម្បីចាប់ផ្តើមពិភាក្សា ហើយវឌ្ឍនភាពមានភាពយឺតយ៉ាវ។

ងាកមកការបោះឆ្នោតវិញបន្តិចថា ការបោះឆ្នោតនៅមីយ៉ាន់ម៉ា បានចាប់ផ្តើមកាលពីខែធ្នូ ឆ្នាំ២០២៥ ប៉ុន្តែទទួលបានការរិះគន់យ៉ាងគំហុកពីសំណាក់អង្គការសហប្រជាជាតិ បណ្តាប្រទេសលោកខាងលិច និងក្រុមសិទ្ធិមនុស្ស ដោយចាត់ទុកសកម្មភាពបោះឆ្នោតនេះថា ជាទង្វើមួយដើម្បីធ្វើឱ្យការគ្រប់គ្រងរបស់របបយោធា មានភាពស្របច្បាប់តាមរយៈអ្នកតំណាងផ្នែកនយោបាយ។ យ៉ាងណា របបសឹកបានចេញមុខទាត់ចោលការចោទប្រកាន់ខាងលើ។ គួរបញ្ជាក់ថា ប្រទេសភូមា ឬមីយ៉ាន់ម៉ា បានរងការបំផ្លិចបំផ្លាញ ដោយជម្លោះស៊ីវិលចាប់តាំងពីយោធាធ្វើរដ្ឋប្រហារប្រឆាំងនឹងរដ្ឋាភិបាលស៊ីវិលក្នុងឆ្នាំ២០២១៕




