រាជធានីគូឡាឡាំពួរ៖ ភាគីកម្ពុជា និងថៃ ចង់ឱ្យម៉ាឡេស៊ីនៅតែជាអ្នកសម្របសម្រួលសន្តិភាព ដើម្បីជួយប្រទេសទាំង២ ឈានដល់ដំណោះស្រាយយូរអង្វែងចំពោះជម្លោះព្រំដែន ដែលកំពុងបន្តរបស់សមាជិកអាស៊ានទាំងទ្វេរ។ នេះជាសម្តីរដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ី ដែលបានបន្លឺឡើងកាលពីថ្ងៃទី២០មករា ម្សិលមិញ...។

ជាក់ស្តែង រដ្ឋមន្ត្រីក្រសួងការបរទេសម៉ាឡេស៊ី លោក ម៉ូហាម៉ាដ ហាសាន (Mohamad Hasan) បានអះអាងថា វាជារឿងមិនពិតនោះទេ ដែលថា ម៉ាឡេស៊ីបានបរាជ័យក្នុងការសម្របសម្រួលកិច្ចចរចារវាងថៃ និងកម្ពុជា តាមបណ្តោយព្រំដែនដែលជម្លោះ។ លោកថ្លែងថា៖«ពេលនេះ[..]យើងមិនមែនជាប្រធានអាស៊ានដូចមុនទេ! ហ្វីលីពីន បានចូលកាន់តំណែងហើយ ប៉ុន្តែប្រទេសទាំង២[កម្ពុជា-ថៃ] ចង់បានម៉ាឡេស៊ីជាអ្នកសម្របសម្រួល។ ដូច្នេះ ខ្ញុំបានប្រាប់សមភាគីឱ្យសរសេរសំបុត្រមកយើង»។ គេនៅចាំបានថា កាលពីខែកក្កដា ឆ្នាំមុន ភ្លើងសង្គ្រាមឈ្លានពានលើកម្ពុជាបានចាប់ផ្តើមបង្កាត់នៅតាមបណ្តោយព្រំដែន។ ក្រោយមក កម្ពុជា-ថៃ បានយល់ព្រមលើសេចក្តីប្រកាសរួម ស្តីពីសន្តិភាពរាជធានីគូឡាឡាំពួរ ដែលមាន លោក ដូណាល់ ត្រាំ និងលោកអាន់វ៉ា ធ្វើជាសាក្សី ប៉ុន្តែសេចក្តីប្រកាសរួមនេះ ត្រូវបានដួលរលំ ដោយសារតែភាគីថៃរំលោភម្ដងហើយម្ដងទៀត និងបើកការឈ្លានពានកម្ពុជាសាជាថ្មី។ នៅទីបំផុតថ្ងៃទី២៧ ខែធ្នូ បទឈប់បាញ់ថ្មីមួយត្រូវបានប្រសូត្រឡើង។

ទោះជាយ៉ាងណាក៏ដោយ បទឈប់បាញ់ថ្មីនេះ នៅតែមានភាពផុយស្រួយ ព្រោះថាភាគីថៃ ទំនងជាមិននៅស្ងៀមឡើយ អាចនឹងរកលេសឈ្លានពានកម្ពុជានៅថ្ងៃណាមួយជាថ្មីម្តងទៀត ជាក់ជាមិនខាន។ សណ្តាប់ធ្នាប់ពិភពលោកប្រែប្រួល គឺជាកត្តាស្នូលមួយដែលជំរុញឱ្យថៃ ងាយនឹងបកក្បាលមកខាំសង្គ្រុបកម្ពុជាម្តងទៀត ទន្ទឹមនឹងកង្វះទណ្ឌកម្មលើរាជធានីបាងកក ធ្វើឱ្យបទឈប់បាញ់នេះ កាន់តែមានភាពស្រពិចស្រពិល។ ជាពិសេស សម្ពាធនៃចរន្តនយោបាយផ្ទៃក្នុងស្រុកថៃ ដែលជារឿយៗ ជម្លោះព្រំដែនត្រូវបានប្រើប្រាស់ជាឈ្នាន់នោយោបាយផង និងបង្កប់កលល្បិចឈ្លានពានដោយយោធា និងអ្នកនយោបាយថៃ ដើម្បីបង្វែរដានបញ្ហាក្នុងស្រុក។ ដរាបណានយោបាយផ្ទៃក្នុងថៃនៅមិនទាន់មានស្ថិរភាព ព្រំដែនកម្ពុជា នៅតែជាចំណាប់ខ្មាំងរបស់ចោឈ្លានពានមួយនេះ ដូច្នេះ ការចូលរួមសម្របសម្រួលពីសំណាក់ភាគីម៉ាឡេស៊ី នៅតែសំខាន់សម្រាប់ប្រទេសមានជម្លោះទាំង២ ជាពិសេស រដ្ឋកម្សត់កម្ពុជានេះតែម្ដង៕
