នាយករដ្ឋមន្ត្រីអង់គ្លេសដឹកនាំប្រតិភូធុរកិច្ចជួបលោក ស៊ី ជីនពីង បញ្ចប់ភាពរកាំរកូស៦ឆ្នាំ
N
Nary Vann
29 មករា 2026 03:00 AM

រដ្ឋធានីប៉េកាំង៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក ឃា ស្តាមឺ នឹងជួបពិភាក្សាជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង នៅថ្ងៃទី២៩ ខែមករានេះ ជាជំនួបដ៏មានសារសំខាន់ក្នុងគោលបំណងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចឱ្យកាន់តែស៊ីជម្រៅ និងជាសញ្ញានៃការផ្សះផ្សា បន្ទាប់ពីប្រទេសទាំងពីរធ្លាក់ក្នុងភាពមិនចុះសម្រុងនឹងគ្នាអស់រយៈពេលជាច្រើនឆ្នាំ។

លោក ឃា ស្តាមឺ
លោក ឃា ស្តាមឺ

នៅក្នុងដំណើរទស្សនកិច្ចរយៈពេល៤ថ្ងៃ លោក ស្តាមឺ នឹងមានជំនួបរយៈពេល៤០នាទីជាមួយលោក ស៊ី ជិនពីង នៅវិមានប្រជាជន មុនពេលពិភាក្សាបន្តជាមួយលោកនាយករដ្ឋមន្ត្រី លី ឈាង និងលោក ហ្សៅ លីជី (Zhao Leji) ប្រធានសភាចិន។ រាជរដ្ឋាភិបាលមកពីគណបក្សឆ្វេងនិយមកណ្តាលរបស់លោក ស្តាមឺ កំពុងជួបការលំបាកក្នុងការជំរុញកំណើនសេដ្ឋកិច្ចក្នុងស្រុក បានចាត់ទុកការកែលម្អទំនាក់ទំនងជាមួយរដ្ឋធានីប៉េកាំង ជាអាទិភាពចម្បង ដើម្បីបើកផ្លូវសម្រាប់ឱកាសពាណិជ្ជកម្ម និងវិនិយោគថ្មីៗសម្រាប់ចក្រភពអង់គ្លេស។ លោក ស្តាមឺ បានសង្កត់ធ្ងន់ថា អ្វីគ្រប់យ៉ាងដែលលោកកំពុងធ្វើនៅក្នុងដំណើរទស្សនកិច្ចនេះ គឺដើម្បីនាំមកនូវផលប្រយោជន៍សេដ្ឋកិច្ចដល់ប្រជាជនអង់គ្លេស។

លោក ឃា ស្តាមឺ និងលោក ស៊ី ជីនពីង
លោក ឃា ស្តាមឺ និងលោក ស៊ី ជីនពីង

ដំណើរទស្សនកិច្ចលើកដំបូងបង្អស់របស់នាយករដ្ឋមន្ត្រីអង់គ្លេស មកកាន់ប្រទេសចិនគិតចាប់តាំងពីឆ្នាំ២០១៨មក កើតឡើងចំពេលដែលមានភាពតានតឹងរវាងអង់គ្លេស និងសម្ព័ន្ធមិត្តយូរអង្វែង គឺសហរដ្ឋអាម៉េរិក ជុំវិញការលើកឡើងនាពេលថ្មីៗរបស់ប្រធានាធិបតី ដូណាល់ ត្រាំ រួមទាំងការគំរាមកំហែងក្នុងការគ្រប់គ្រងកោះហ្គ្រីនឡែនផងដែរ។ អ្នកជំនាញខាងការសិក្សាអំពីប្រទេសចិន បានរំពឹងថា កិច្ចព្រមព្រៀងសេដ្ឋកិច្ចមួយចំនួននឹងត្រូវប្រកាសឡើង ដើម្បីបង្ហាញពីជោគជ័យនៃទំនាក់ទំនងដែលត្រូវបានកែលម្អ ខណៈភាគីទាំងពីរហាក់ចង់បញ្ចៀសការជជែកដេញដោលលើបញ្ហាដែលពួកគេមិនចុះសម្រុងនឹងគ្នា។

បច្ចុប្បន្ន បណ្ដាប្រទេសនៅអឺរ៉ុប និងលោកខាងលិចផ្សេងទៀត កំពុងបង្កើនកិច្ចសហប្រតិបត្តិការការទូតជាមួយចិន ដើម្បីកាត់បន្ថយហានិភ័យពីភាពមិនច្បាស់លាស់នៃគោលនយោបាយអាម៉េរិក ក្រោមរដ្ឋបាលលោក ត្រាំ។ គួរកត់សម្គាល់ផងដែរថា ដំណើរទស្សនកិច្ចរបស់លោក ស្តាមឺ ធ្វើឡើងភ្លាមៗបន្ទាប់ពីនាយករដ្ឋមន្ត្រីកាណាដា លោក ម៉ាក ខានី ទើបតែបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេដ្ឋកិច្ចជាមួយរដ្ឋធានីប៉េកាំង ដើម្បីលុបបំបាត់របាំងពាណិជ្ជកម្ម ដែលសកម្មភាពនេះបង្កឱ្យមានការខឹងសម្បារយ៉ាងខ្លាំងពីសំណាក់លោក ត្រាំ៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត