
ខេត្តព្រះវិហារ៖ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានចុះជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក៥៤០គ្រួសារ ស្ថិតនៅស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦នេះ។ ទំព័រហ្វេសប៊ុករបស់សម្តេច បង្ហោះរូបភាពជាច្រើនសន្លឹកអំពីជំនួបរវាងសម្តេចជាមួយប្រជាពលរដ្ឋភៀសសឹក ដោយភ្ជាប់ជាមួយសារបង្ហាញពីវិធានការចាំបាច់ចំនួន៣របស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយជូនប្រជាពលរដ្ឋភៀសសឹក។

ទី១- ក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ និងអាជ្ញាធរមូលដ្ឋាន កំពុងខ្នះខ្នែងរៀបចំសម្របសម្រួលបងប្អូនភៀសសឹកឱ្យវិលត្រឡប់ទៅលំនៅឋានវិញកាន់តែឆាប់តាមដែលអាចធ្វើទៅបាន។ ប្រតិបត្តិករដោះមីននានា ពិសេស មជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) កំពុងខិតខំបោសសម្អាតអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដើម្បីធានាថា ទីតាំងទាំងនោះ មានសុវត្ថិភាពគ្រប់គ្រាន់មុននឹងអនុញ្ញាតឱ្យបងប្អូនជនភៀសសឹកវិលត្រឡប់ទៅកាន់ទីតាំងទាំងនោះ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល បានបង្កើតគណៈកម្មការចំពោះកិច្ច ដើម្បីស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធ ដែលខូចខាតពីជម្លោះព្រំដែនកម្ពុជា-ថៃ។

ទី២- ចំពោះបងប្អូនជនភៀសសឹក ដែលមិនទាន់អាចត្រឡប់ទៅលំនៅឋានវិញបាន ដោយសារស្ថានភាពមិនទាន់អំណោយផល ចំពោះមុខនេះ រាជរដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ក្រសួងរៀបចំដែនដី រដ្ឋបាលខេត្ត អាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយ ព្រមទាំងក្រសួងស្ថាប័នពាក់ព័ន្ធ កំពុងគិតគូរពង្រឹងលើជម្រកបណ្តោះអាសន្ន ឬក្នុងករណីចាំបាច់ អាចផ្លាស់ប្តូរជម្រកបណ្តោះអាសន្នរបស់បងប្អូនទៅកាន់ទីតាំងដែលមានភាពប្រសើរជាងបច្ចុប្បន្ន។ រាជរដ្ឋាភិបាលកំពុងពិនិត្យផ្តល់ដំណោះស្រាយសមរម្យទៅតាមស្ថានភាពជាក់ស្តែង ដើម្បីជួយបងប្អូនអាចរក្សាលំនឹងជីវភាពប្រចាំថ្ងៃក្នុងកំលុងពេលដ៏លំបាកនេះ រហូតដល់បងប្អូនអាចវិលត្រឡប់ទៅលំនៅឋានវិញ។

ទី៣- ចំពោះហេដ្ឋារចនាសម្ព័ន្ធនៅក្នុងមូលដ្ឋាន និងសាធារណៈ ដែលបានរងការខូចខាត មានជាអាទិ៍ សាលារៀន មណ្ឌលសុខភាព ពេទ្យបង្អែក ផ្សារ ផ្លូវ ស្ពាន បណ្តាញទឹកស្អាត អគ្គិសនី ទូរគមនាគមន៍ ក្រុមការងារចំពោះកិច្ច កំពុងវាយតម្លៃផលខូចខាតទាំងនេះ ហើយរាជរដ្ឋាភិបាលនឹងប្រើប្រាស់ធនធានទាំងថវិកាជាតិ និងថវិកាពីដៃគូអភិវឌ្ឍន៍ ដើម្បីស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធទាំងនេះឱ្យបានឆាប់រហ័សបំផុតតាមស្ថានភាពជាក់ស្តែង។

សូមជម្រាបថា វិធានការទាំងខាងលើនេះ មិនមែនជាវិធានការថ្មីនោះទេ គឺរាជរដ្ឋាភិបាលបានប្រកាសដាក់ចេញនាពេលកន្លងមករួចមកហើយ។ តាមរយៈសារលើទំព័រហ្វេសប៊ុក ប្រមុខរាជរដ្ឋាភិបាល បានថ្លែងអំណរគុណដល់ក្រុមការងារ ក្រសួងពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ អ្នកស្ម័គ្រចិត្ត សប្បុរសជន អង្គការជាតិ-អន្តរជាតិ និងដៃគូផ្សេងៗ ដែលបានយកចិត្តទុកដាក់ក្នុងការរៀបចំទីជម្រកសុវត្ថិភាព ផ្តល់ការឧបត្ថម្ភគាំទ្រដល់បងប្អូនប្រជាពលរដ្ឋភៀសសឹកទាំងអស់ ឱ្យបានស្នាក់នៅបណ្តោះអាសន្នដោយសុវត្ថិភាព និងអាចស្នាក់នៅបានក្នុងគ្រាដ៏លំបាកនេះ៕














